​ចិន​គ្រោង​សាង​សង់​រោង​ចក្រ​ថាមពលអគ្គិសនី​​​ធ្យូង​​​ថ្ម និង​ប្រព័ន្ធ​​​​ផ្កាយ​​​រណប​​​​នៅ​​​​កម្ពុជា​

កម្ពុជា-ចិន ៖ ក្នុង​ជំនួបជា​មួយ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃ​ទី១៣ ខែ​កក្កដា ប្រតិភូធុរជន​មកពី​ខេត្ត​សៀងហៃ ប្រទេស​ចិន បាន​បង្ហាញ​ចេតនា​វិនិយោគ​លើការដំ​ឡើង​រោង​ចក្រ​ផលិត​ថាមពលអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម និង​ប្រព័ន្ធ​ផ្កាយរណប​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក និង​ចូល​រួម​អភិវឌ្ឍន៍​វិស័យអគ្គិសនី និង​ទូរគមនាគមន៍ ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា។

ក្នុង​ជំនួប​នោះ លោក លាំង សាន អនុ​ប្រធាន​ក្រុម​ហ៊ុន Shanghai Electronic Communication Technology Co., Ltd បាន​ថ្លែង​ថា ក្រុម​ហ៊ុន​របស់​លោក មាន​ឯកទេសដំ​ឡើង​រោង​ចក្រ​ថាមពលអគ្គិសនីធ្យូងថ្ម ជា​មួយ​បច្ចេក​វិទ្យា​ទំនើប មិន​ប៉ះពាល់​ដល់​បរិស្ថាន ចំណែក​ឯ​លោក យុងតាវ ចាវ ប្រធាន​ក្រុម​ហ៊ុន Beidou Star Data Technology Co., Ltd ក៏​បាន​លើក​ឡើង​អំពី​លក្ខណៈ​ពិសេស​នៃ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ផ្កាយរណប ដែល​អាច​ចាប់​រូបភាព និង​បញ្ជូន​ទិន្ន័យ​ឆ្លង​កាត់​ទ្វីប និង​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​។

ជាការ​ឆ្លើយតប រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គម្រោង​ការ​វិនិយោគ​ខាង​លើ តែ​លោក​ស្នើ​ទៅ​កាន់​តំណាង​ក្រុម​ហ៊ុន​ទាំង​ពីរ ធ្វើ​ការ​សិក្សា​អំពី​លក្ខណៈ​ភូមិ​សាស្ត្រ​នៃ​ប្រទេស​កម្ពុជា និង​សក្តានុពល​អតិថិជន​ឲ្យ​បាន​ច្បាស់ ដើម្បី​រៀបចំ​សំណើ​វិនិយោគ​ផ្លូវ​ការ ដាក់​ជូន​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ពិនិត្យ និង​អនុម័ត ហើយ​ក្រសួង​ពាណិជ្ជកម្ម នឹង​រង់ចាំ​ជួយ​សម្រួល​រាល់​នីតិ​វិធី និង​បែប​បទ​រដ្ឋបាល​នានា គ្រប់​ពេល​វេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close