នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ស្នើប្រជាពលរដ្ឋបង្ការជំងឺឆ្លង និងគ្រោះថ្នាក់នានា ក្នុងរដូវទឹកជំនន់នេះ
ខណៈដែលបណ្តាខេត្តមួយចំនួនកំពុងតែប្រឈមមុខនឹងការលិចលង់ដោយជំនន់ទឹកភ្លៀង នៅថ្ងៃម្សិលមិញនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានស្នើប្រជាពលរដ្ឋត្រូវបង្ការខ្លួនពីជំងឺឆ្លង និងត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ។
ក្នុងកំឡុងពេលនេះ ប្រជាពលរដ្ឋត្រូវតាមដានស្ថានភាពទឺកជំនន់, ត្រៀមរកទួលសុវត្ថិភាព, កុំបើកបរលើទឹកជំន់, កុំហែលលេងទឹកជំនន់, ប្រុងប្រយ័ត្នចំពោះសត្វពស់, ផ្តាច់ចរន្តអគ្គិសនី និងរបៀបការពារកុំឲ្យឆក់, ជាតិពុលនានាត្រូវដាក់ឲ្យខ្ពស់ពីទឹកលិច ដើម្បីជៀសវាងពុលដល់មនុស្ស និងសត្វ, ប្រើប្រាស់ទឹកស្អាត និងផឹកទឹកឆ្អិនជានិច្ច, ចំណីអាហារត្រូវឆ្អិនជានិច្ច និងគ្របកុំឲ្យរុយរោម។
ក្នុងនោះបងប្អូនប្រជាពលរដ្ឋ ក៏ត្រូវបង្ការពីជំងឺឆ្លងផ្សេងៗដូចជា ជំងឺរាក និងអាសន្នរោគ, ជំងឺពុលចំណីអាហារ, ជំងឺរលាកថ្លើមប្រភេទ A, ជំងឺបណ្តាលមកពីព្រូន, ជំងឺគ្រុណចាញ់, ជំងឺគ្រុនឈាម, ជំងឺរមាស់ស្បែក, ជំងឺភ្នែកក្រហម និងជំងឺផ្តាសាយធំជាដើម។
ប្រសិនបើបងប្អូនមានបញ្ហា អាចទូរស័ព្ទមកកាន់លេខ ១១៥ ពីគ្រប់ប្រព័ន្ធដោយឥតគិតថ្លៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។