ប្រព័ន្ធការពារដែនអាកាសស៊ីរីបាញ់ទម្លាក់មីស៊ីលអីស្រាអែល ៥ដើម
កម្លាំងទាហានការពារដែនអាកាសស៊ីរីបានប្រកាសថា កម្លាំងទាហានអីស្រាអែលបានបើកការវាយប្រហារ ពីដែនអាកាសប្រទេសលីបង់ ទៅលើទីតាំងរបស់ស៊ីរី នៅក្នុងតំបន់ Masyaf ក្នុងទីក្រុង Hama ។
សារព័ត៌មាន Al Masdar News បានដកស្រងប្រភពព័ត៌មានពីកម្លាំងទាហានស៊ីរីបានប្រកាសឲ្យដឹងថា ក្រុមទាហានការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលអីស្រាអែលជាច្រើនគ្រាប់ ។ តាមសារព័ត៌មានស៊ីរី ការបាញ់ប្រហាររបស់អីស្រាអែល បានសម្លាប់ពលរដ្ឋម្នាក់ និង១២នាក់រងរបួស។តាមប្រភពព័ត៌មាន កម្លាំងទាហានស៊ីរី បានបាញ់ទម្លាក់មីស៊ីលអីស្រាអែល ៥គ្រាប់ នៅក្នុងខេត្ត Hama ។ ប្រព័ន្ធមីស៊ីលការពារ S-200c ក៏បានវាយប្រហារទៅលើយន្តហោះចម្បាំងអីស្រាអែលផងដែរ តែមិនទទួលបានជោគជ័យ ។
ការវាយប្រហារតាមដែនអាកាសរបស់អីស្រាអែល បានបង្ករការខូចខាតយ៉ាងដំណំបណ្តាលឲ្យមានគ្រោះអគ្គិភ័យឆាប់ឆេះនៅក្នុងស្រុក Masyaf ។ ការវាយប្រហាររបស់អីស្រាអែល កាលពីថ្ងៃទី៤ ខែកញ្ញា ជាសកម្មភាពមិនអាចទទួលយកបានឡើយ ។ អីស្រាអែលតែងតែបើកការវាយប្រហារ ជាបន្តបន្ទាប់ទៅលើ ទីតាំងរបស់ស៊ីរី ក្រោមការគាំទ្រពីអាមេរិក។
នៅពេលនេះដែរ អីស្រាអែលបានប្រកាសទទួលស្គាល់ថា បានវាយប្រហារស៊ីរី រហូតដល់ទៅ២០០លើក ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ។ សារព័ត៌មាន RT បានដកស្រងប្រភពព័ត៌មានពីកម្លាំងទាហានអាំកាស់អីស្រាអែល បានបញ្ជាក់ថា ក្នុងរយៈពេល ១៨ខែកន្លងមក ទាហានអាកាសអីស្រាអែលបានបើកការវាយប្រហារដល់ទៅ២០០លើក បំផ្លាញគោលដៅរាប់រយ ដែលជាប់ពាក់ព័ន្ធនិងប្រទេសអីរ៉ង ។
នៅក្នុងសន្និសីទកាសែត អីស្រាអែលបានចោទប្រកាន់អីរ៉ង បានព្យាយាម បង្កើនអត្ថិពលនៅក្នុងប្រទេសស៊ីរី ដោយបញ្ចូនទាហានរាប់ពាន់ពាក់ទៅកាន់ប្រទេសនោះ ។ កាលពីថ្ងៃទី៤ខែកញ្ញា កម្លាំងទាហានអីស្រាអែល បានបើកការវាយប្រហារទៅលើ ២០២គោលដៅដែលសង្ស័យជារបស់អីរ៉ង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។