ប្រជាពលរដ្ឋ​នៅតាម​តំបន់ការពារធម្មជាតិ ប្រែក្លាយ​ពី​ការ​បរបាញ់​សត្វព្រៃ មក​ការ​ចិញ្ចឹមសត្វ​ជំនួស​វិញ​!

​ភ្នំពេញ​៖ ការផ្តល់​ជម្រើស​ជូន​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ក្នុងការ​ចិញ្ចឹមសត្វ​យក​សាច់​ដូចជា​គោ ក្របី ហើយ​ជាពិសេស ចៀម និង​ពពែ ជា​សត្វ​ដែល​អាច​ចិញ្ចឹម​ក្នុងព្រៃ​សហគមន៍​នៅតាម​តំបន់ការពារធម្មជាតិ បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ចំណាយពេល​វេលា​តិច និង​អាច​ចំណេញ​ច្រើន​។​

​ចាប់ពី​ឆ្នាំ​២០២០ រហូតទល់​ពេលនេះ ក្រសួងបរិស្ថាន​បានផ្តល់​ពូជ​ក្របី ២១៦​ក្បាល សត្វ​គោខ្មែរ​ចំនួន ១៥៣​ក្បាល គោ​ពូជ​កាត់ ចំនួន​៦១​ក្បាល គោបា​ចំនួន ៦​ក្បាល ចៀម​ចំនួន ២៤៧​ក្បាល ពពែ​ចំនួន​២៦៧​ក្បាល និង​ពូជ​ជ្រូក​ឦសាន ចំនួន ៥០​ក្បាល ជូន​សហគមន៍​មូលដ្ឋាន ប្រជាពលរដ្ឋ និង​កងទ័ព សម្រាប់​ចិញ្ចឹម ដើម្បី​ពង្រឹង​ជីវភាព​ស្នូល ដែល​ក្នុងនោះ​រួមមាន​៖ សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​៣ នៅក្នុង​ខេត្តព្រះវិហារ តំបន់ការពារធម្មជាតិ​ចំនួន​២ ក្នុងភូមិ​សាស្ត្រ​ខេត្ត​មណ្ឌល​គី​រី (​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​) បញ្ជាការដ្ឋាន​នៃ​យោធភូមិភាគ​១ កងយោធពល​ខេមរភូមិន្ទ និង​កសិដ្ឋាន​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ​ផងដែរ​។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កន្លងមក​មក​បានចាត់ទុក​ថា​ការ​ចិញ្ចឹមសត្វ មិន​ត្រឹមតែ​ចូលរួម​ការពារ​បរិស្ថាន​និង​ព្រៃឈើ គឺ​បាន​ចូលរួម​ចលនា​ដល់​សហគមន៍​មូលដ្ឋាន មាន​ចំណូល​ខ្ពស់ មាន​ជីវភាព​ធូរធារ​និង​ចូលរួម​កាន់តែ​សកម្ម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​យើង​មាន​។​

​សូមបញ្ជាក់ថា ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ និង​សហគមន៍​មូលដ្ឋាន ចាប់ពី​ឆ្នាំ​២០១៧ ដល់​២០២០ ក្រសួងបរិស្ថាន ក៏បានផ្តល់​ទុន​ដោយឡែក ដល់​សហគមន៍​នៅតាម​តំបន់ការពារធម្មជាតិ​ចំនួន ៣២​សហគមន៍ ដែល​ក្នុងនោះ មាន​សមាជិក​សហគម​ន៍​ចំនួន ៩៥០ គ្រួសារ ដែល​គ្រួសារ​ចំនួន ៣១៧​គ្រួសារ ទទួលបាន​ពូជ​គោ​ចំនួន ពី​១-៣​ក្បាល​ក្នុង​មួយ​គ្រួសារ គ្រួសារ​ចំនួន​២២០​គ្រួសារ ទទួលបាន​ពូជ​ជ្រូក​ឦសាន ៣​ក្បាល​ក្នុ ង​មួយ​គ្រួសារ គ្រួសារ​ចំនួន​៣៦៨​គ្រួសារ ទទួលបាន​មាន់​ពី​១៥-៤០​ក្បាល​ក្នុង​មួយ​គ្រួសារ​។ គ្រួសារ​ទាំងអស់នោះ បានផ្តល់​ផល​សត្វ​ទៅដល់​សមាជិក​សហគម​ន៍​ផ្សេងទៀត ដើម្បី​ពង្រឹង​ង​ជីវ​ភាពជា​បន្តបន្ទាប់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close