ទូរទស្សន៍​BBC និង​សមាគម​ធ្វើដំណើរ​អាស៊ី​ប៉ាស៊ីហ្វិក គាំទ្រ​ផែនការ​បើក​ទេសចរណ៍​ឡើងវិញ​របស់​កម្ពុជា

​ភ្នំពេញ​៖ ខណៈដែល​ក្រសួងទេសចរណ៍ បាននិងកំពុង​រៀបចំ​ការបើក​ទេសចរណ៍​ឡើងវិញ ប្រកបដោយ​សុវត្ថិភាព​នោះ សមាគម​ធ្វើដំណើរ​អាស៊ី​ប៉ាស៊ីហ្វិក (PATA) និង​ទូរទស្សន៍​លំដាប់​អន្តរជាតិ BBC បានបង្ហាញ​គាំទ្រ​ផែនការ​បើក ទេសចរណ៍​ឡើងវិញ​នេះ​យ៉ាង​ពេញចិត្ត និង​បាន​ប្ដេជ្ញា​ចូលរួម​ផ្សព្វផ្សាយ​អំពី​ផែនការ​នេះ​ទៅកាន់​ពិភពលោក​ផងដែរ​។​

​ការបង្ហាញ​ការគាំទ្រ​នេះ ធ្វើឡើង​កិច្ច​សម្ភាស​ក្នុង​កម្មវិធី «Destination Insights Series» ក្រោម​ការរៀបចំ​របស់​សមាគម​ទេសចរណ៍​ធ្វើដំណើរ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (PATA) សហការ​ជាមួយ​បណ្ដាញសារព័ត៌មាន BBC ក្នុងនោះ​ឯកឧត្ដម ថោង រដ្ឋ​សក្ដិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍ ជា​វាគ្មិន​តំណាង​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះដែរ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom នា​រសៀល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១ ផ្ដោត​សំខាន់​ទៅលើ​ការ​និន្នាការ​បច្ចុប្បន្ន ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩ និង​ការស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ BBC ឯកឧត្ដម ថោង រដ្ឋ​សក្តិ បានបញ្ជាក់​ពី​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​ដ៏​ខ្លាំង ដើម្បី​បញ្ចប់​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​តាម​គោលដៅ ៨០% នៃ​ប្រជាជន នៅ​ចុងឆ្នាំ​២០២១​។ ឯកឧត្ដម​អគ្គនាយក ក៏បាន​រំលឹក​អំពី​វិធាន​សង្គ្រោះ​អាជីវកម្ម និង​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​កន្លងមក​របស់​រាជរ​ដ្ឋា​ភិ​បាល និង​បាន​ប្រាប់​អំពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២-១៧​ឆ្នាំ​, គម្រោង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ និង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល ដែល​ទាំងនេះ​នឹងចូលរួម​ដល់​ការស្ដារ​ឡើងវិញ​នូវ​ទំនុកចិត្ត និង​ភាពជឿជាក់​ក្នុងការ​ធ្វើដំណើរ​របស់​ទេសចរ​ជាតិ និង​អន្តរជាតិ​។​

​ឯកឧត្ដម​អគ្គនាយក ថោង រដ្ឋ​សក្តិ បានបញ្ជាក់​ទៀតថា «​ក្រសួងទេសចរណ៍ បាននិងកំពុង​រៀបចំ​នូវ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​នៃ​ការបើក​ទេសចរណ៍​ឡើងវិញ ប្រកបដោយ​សុវត្ថិភាព គ្មាន​ការឆ្លង​រីក​រាលដាល​»​។ ឯកឧត្ដម ក៏បាន​ជម្រាបជូន​ដល់​សមាគម​ធ្វើដំណើរ​អាស៊ី​ប៉ាស​ស៊ី​ហ្វិ​ក និង​ទូរទស្សន៍ BBC អំពី​ផែន​ការបើក​ទេសចរណ៍​នៅ​កម្ពុជា​ឡើងវិញ នៅ​ចុងឆ្នាំ​២០២១​នេះ ដោយ​ត្រូវ​រៀបចំ​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សាធារណៈ​ជា​អាទិភាព តាមរយៈ​ការពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ការចូលរួម​ពី​គ្រប់ភាគី ព្រមទាំង​អាស្រ័យ​លើ​ស្ថានការណ៍​ចាក់​ស្ដែង ស្របតាម​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការលើកស្ទួយ និង​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា​អំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​កាលពីដើមឆ្នាំ​២០២១​។​

​ឯកឧត្ដម​តំណាង​ក្រសួងទេសចរណ៍​រូបនេះ ក៏បាន​ជម្រាប​អំពី​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ នៅ​ក្រុងព្រះសីហនុ ដែល​រួមមាន​កិច្ចប្រជុំ និង​ការតាំងពិព័រណ៍​ខ្នាតតូច​ល្មម ដោយ​ត្រូវ​អនុវត្តតាម​វិធាន​សុវត្ថិភាព និង​អនាម័យ​នានា​យ៉ាង​តឹងរឹង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close