កម្ពុជា ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន ក្នុង​ឆ្នាំ​២០២១

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២១ នៅ ទីស្ដីការក្រសួង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​ដែល​កម្ពុជា​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​។

​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​ការបង្កើត​គណៈកម្មការ​ទទួលបន្ទុក​រៀបចំ ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន អាស៊ាន​ដោយផ្ទាល់ ឬ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​នៅក្នុង​បរិបទ​នៃ​ការឆ្លង​រីក​រាលដាល​ជាស​កល​នៃ​មេរោគ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១០-១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ការត្រៀម​រៀបចំ​សម្ភារ​និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​សំដៅ​សម្រួល​ដល់​ដំណើរការ​នៃ​កិច្ចប្រជុំ​នេះ​ឱ្យ​ប្រព្រឹត្តទៅ ដោយ​រលូន និង​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ទស្សនវិស័យ​វែងឆ្ងាយ ក្នុងពេល​កម្ពុជា ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៧ ដោយ​កម្ពុជា​ជា​ប្រទេស​ដែល​នាំមុខគេ​ក្នុងការ​ពង្រីក ការចូលរួមរ​បស់ដៃ​គូរ​សន្ទនា​ជាមួយ​អាស៊ាន​ឱ្យបាន​កាន់តែច្រើន ដែល​រួមមាន​៖ ប្រទេស​ឥណ្ឌា អូស្ត្រាលី ធនាគារពិភពលោក​(WB) ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​(AIIB) ជាដើម ហើយ​ក្រុមការងារ​របស់​ក្រសួង​(MPWT) នឹង​ធ្វើការ​សហប្រតិបត្តិ​ការល្អ​ជាមួយ​លេខាធិការដ្ឋាន អាស៊ាន​ដើម្បី​សម្រេច​គោលដៅ​នេះ​។​

​សូម​ជម្រាបជូន​ថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​នឹង​បង្កើត​គណៈកម្មការ​រៀប​ចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន ដោយមាន​ការចូល​រូ​ម​ពី​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ក្របខណ្ឌ​ក្រសួង និង​បាន​ស្នើឱ្យ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​ពិនិត្យ និង​ស្រាវជ្រាវ​អំពី​ការរៀបចំ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ឱ្យមាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​រលូន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close