សាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាប ជាប់ជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានប្រគល់ប័ណ្ណជ័យលាភីសាលាមេត្រីបរិស្ថានមេដាយប្រាក់ជូនដល់សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលទទួលបានជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានបង្ហាញថា យើងបានអនុលោមទៅតាមក្របខណ្ឌការងារអាស៊ានស្តីពីសាលាមេត្រីបរិស្ថាន ដូច្នេះក្រសួងបរិស្ថានយើងបានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាបានរៀបចំឱ្យមានការណែនាំដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ មួយចំនួន រួមមាន៖ (១) មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន (២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថាន (៣) មានសម្ភារ:បរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថាន (៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍ និងមានសូចនាករវាស់វែងចំនួន១៨។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថាន រួមជាមួយក្រសួងនានា ស្ថាប័នពាក់ព័ន្ធទាំងអស់ បានខិតខំជំរុញឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ឯកឧត្តម បានលើកទឹកចិត្តឲ្យគណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសហគមន៍ បន្តចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថននេះ ឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីឲ្យជីវិតរស់នៅរបស់យើងស្រស់បំព្រងផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close