ឯកឧត្ដម ស៊ុន ចាន់ថុល បើកកិច្ចប្រជុំរកដំណោះស្រាយប្រឈម និងសំណូមពរ ក្នុងគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប
ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ប្រធាន គណៈកម្មការខេត្ត អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញទាក់ទងនឹងបញ្ហាបច្ចេកទេស បញ្ហាប្រឈម សំណូមពររបស់ក្រុមទទួលបន្ទុកការងារសាងសង់នីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឱ្យការសាងសង់ផ្លូវទាំង៣៨ខ្សែនេះមានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកធ្វើឱ្យបានរឹងមាំជាប់គង់វង្សយូរអង្វែង។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអង្គភាពសាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះឱ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណីការសាងសង់កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា៖ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៣,៨៧%នៃ ទំហំការងារសរុប (២% លឿនជាងផែនការ)។
គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ ២០២១ខាង មុខនេះ។
គួរកត់សម្គាល់ផងដែរថា៖ បញ្ហាប្រឈមនៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជំងឺកូវីដ-១៩ក្នុងអំឡុងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអង្គភាពសាងសង់ឡើយ ដោយហេតុថាគ្រប់អង្គភាពទាំងអស់បានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីជំរុញការងារស្ថាបនាឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។