រដ្ឋបាល​ខេត្តកំពត​ប្រាប់​សមត្ថកិច្ច​ឲ្យ​ស្រាវជ្រាវ​ជនខិលខូច​ក្លែងបន្លំគណនីហ្វេសប៊ុករបស់លោក ម៉ៅ ធនិន

រដ្ឋបាល​ខេត្តកំពត កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២១ បាន​ស្នើ​សមត្ថកិច្ចបើក​ការ​ស៊ើបអង្កេត រក​ជនខិលខូច​មួយ​ចំនួន ដែល​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​ដាក់​ឈ្មោះ និង​រូបថត លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត ហើយ​បង្ហោះ​ព័ត៌មាន​បំភ្លៃ ខុស​ពី​ការ​ពិត។

បើតាមរដ្ឋបាល​ខេត្តកំពតថា ថ្មី​ៗ​នេះ នៅ​តាម​បណ្តាញ​សង្គម មាន​ជន​អគតិ ខិលខូច​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​យកឈ្មោះ និង​រូបថត​លោក ម៉ៅ ធនិន ធ្វើការ​ផ្សព្វផ្សាយ បង្ហោះ​រូបភាព កែ​ច្នៃ​ខ្លឹមសារ​ព័ត៌មាន​មិន​ពិត ក្នុង​ចេតនា​ទុច្ចរិត និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក​អភិបាលខេត្ត ។

រដ្ឋបាល​ខេត្តកំពត បដិសេធ និង​ច្រានចោល​ទាំងស្រុង នូវ​ព័ត៌មាន និង​ការ​ប្រឌិត​ព័ត៌មាន ដោយ​យក​រូបថត​លោក​អភិបាលខេត្ត ដែល​កំពុង​មានការ​គោរព ស្រលាញ់ ពេញចិត្ត ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ជា​ខ្លាំង ដូច្នេះ​សូម​ស្នើ​ដល់​អង្គភាព​ជំនាញ បើក​ការ​ស៉ើ​ប​អង្កេត ស្រាវជ្រាវ ស្វែង​រកមុខ​ជនល្មើស រួម​ទាំង​បក្ខពួក និង​មេ​ក្លោ​ង​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្តកំពត ក៏​បាន​សំណូមពរ​ដល់​សាធារណជន អ្នក​សារព័ត៌មាន ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម កុំ​មានការ​យល់​ច្រឡំ និង​អំពាវនាវ កុំ​ចូលរួម​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​ទាំងនេះ ដើម្បី​ចៀសវាង​បង្ក​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ភារកិច្ច​ស្រា​ជ្រាវ​របស់​ជំនាញ និង​អាច​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close