កម្ពុជា បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ជាង ៤៦​ម៉ឺន​តោន ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២១

​ភ្នំពេញ​៖ យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២១​នេះ កម្ពុជា បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​មាន​ចំនួន ៤៦០ ១៦៩​តោន បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន មាន​ចំនួន ៣៩២ ៩៨៤ ៣២៦​ដុល្លារ​អាមេរិក មានការ​ថយចុះ​ចំនួន ៧៦ ១៣៦​តោន (-១៤,២០%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២០ ដែលមាន​ចំនួន ៥៣៦ ៣០៥​តោន​។​

​របាយការណ៍​បញ្ជាក់ថា ការនាំចេញ​អង្ករ ក្នុង​ខែតុលា ឆ្នាំ​២០២១ មាន​ចំនួន ៤៩ ៤៧១​តោន កើនឡើង​ចំនួន ១ ៩៤១​តោន (៤,០៨%) បើ​ធៀប​នឹង​ខែតុលា ឆ្នាំ​២០២០ ដែលមាន​ចំនួន ៤៧ ៥៣០​តោន​។ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៣២៧ ០៣២​តោន ស្មើនឹង ៧១,០៧% អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន ១២៤ ៧១៤​តោន ស្មើនឹង ២៧,១០% និង​អង្ករ​ចំហុយ​មាន​ចំនួន ៨ ៤២៣​តោន ស្មើនឹង ១,៨៣%​។​

​បរិមាណ​អង្ករ បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន ២២​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ១១៥ ៤៧៦​តោន (​ថយចុះ​ចំនួន ៥៨ ៩១៥​តោន ស្មើនឹង -៣៣,៧៨%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ២២៩ ១៧៧​តោន (​កើនឡើង​ចំនួន ៣៤ ៧២៦​តោន ស្មើនឹង ១៧,៨៦%) ទិសដៅ​អាស៊ាន​ចំនួន ៧​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៤៣ ៧៩០​តោន​(​ថយចុះ​ចំនួន ២៨ ០៩២​តោន ស្មើនឹង -៣៩,០៨%) និង​ទិសដៅ​ដទៃទៀត​ចំនួន​២៣​ប្រទេស មាន​បរិមាណ​សរុប ៧១ ៧២៦​តោន (​ថយចុះ​ចំនួន ២៣ ៨៥៥​តោន ស្មើនឹង -២៤,៩៦%)​។​

​ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៦០​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូតដល់ ៣៣៨ ៥៩៤​តោន (៧៣,៥៨%) និង​ក្រុមហ៊ុន​៥០​ដទៃទៀត​បាន​នាំចេញ​ត្រឹមតែ ១២១ ៥៧៥​តោន (២៦,៤២%)៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close