ពេញ​មួយខែ​តុលា​! ភ្ញៀវ​ជាង ១​លាន​៤៨​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​!

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩-៣១ ខែតុលា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​សរុប​ចំនួន ១៩៣,៤១៧ នាក់ កើនឡើង ៣៨.២៨% ធៀប​នឹង​ចុង​សប្តាហ៍​ទី​៣​នៃ​ខែតុលា​។​

​ក្នុងចំណោម​ភ្ញៀវទេសចរ​សរុប​ទាំងនោះ​មាន​ភ្ញៀវ​ជាតិ ១៨៨,៤៧២ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៤,៩៤៥ នាក់​។ ចំនួន​ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង​នៅ​ចុង​សប្ដាហ៍​ទី​៤​នៃ​ខែតុលា​នេះ គឺមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា រយៈពេល​ពេញ​មួយខែ​តុលា ឆ្នាំ​២០២១ ភ្ញៀវ​សរុប​ដែល​បានចេញ​ដើរ​កម្សាន្ត​មាន​ចំនួន ១,៤៨៣,០៩៩ នាក់ កើនឡើង ៤០៣.១៦% ពោលគឺ​កើនឡើង​ប្រមាណ​៤​ដង ធៀប​នឹង​ខែកញ្ញា​កន្លងមក​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខែតុលា រួមមាន​៖
* ខេត្តកំពត​៖ ២៣០,០៤៦ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ១៩៨,៩៦៥ នាក់​
* ខេត្ត​កែប​៖ ១៤៨,២១៣ នាក់​
* រាជធានី​ភ្នំពេញ​៖ ១២២,៣១៥ នាក់​
* ខេត្តពោធិ៍សាត់​៖ ១០៨,១៤០ នាក់​
* ខេត្តសៀមរាប​៖ ៨៣,៣៩៤ នាក់​
* ខេត្តបាត់ដំបង​៖ ៧៤,៣៧១ នាក់​
* ខេត្តកំពង់ចាម​៖ ៧២,១២៩ នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ក៏បាន​បង្ហាញ​ការកត់សម្គាល់​ដែរ​ថា ចំនួន​ទេសចរណ៍​ផ្ទៃក្នុង​ដែលមាន​ចំនួន​ច្រើន​ក្នុង​ខែតុលា​នេះ គឺ​បានមក​អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​បើក​ដំណើរការ​ឡើងវិញ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ខណៈដែល​វិធានការ​រដ្ឋបាល​ដោយឡែក​របស់​រាជធានី​-​ខេត្ត ពាក់ព័ន្ធ​នឹង​ការផ្អាក​ដំណើរការ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​ក៏ត្រូវ​បាន​បិទ​បញ្ចប់ ស្រប​ពេលដែល​ខែតុលា​នេះ​មាន​ថ្ងៃ​ឈប់សម្រាក​ច្រើន ពិសេស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close