តើ​អ្នកដឹង​ទេ​! កំបោរ​បាយអ និង​ប្រាសាទ​ឥដ្ឋ ជា​អ្វី​?

កំបោរ​បាយអ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការកសាង និង​ជួសជុល​ប្រាសាទ​ដែល​ធ្វើឡើង​ពី​ឥដ្ឋ ព្រោះ​បាន​បំពេញ​ផ្សារភ្ជាប់​ស្នាម​តំណ ស្នាម​ប្រេះ​របស់​ដុំឥដ្ឋ​ទាំងឡាយ​ឱ្យ​ស្អិត​ជាប់​គ្នា ជួយ​ការពារ​ការ​ជ្រាប​ទឹក​។

​បច្ចុប្បន្ន ការជួសជុល​ប្រាសាទបុរាណ​ដែល​ធ្វើ​ពី​ឥដ្ឋ​ឡើងវិញ ក៏​នៅតែ​ត្រូវការ​កំបោរ​បាយអ​ជា​ចាំបាច់​។ កូន​ខ្មែរ​ជំនាន់​នេះ ក៏​នៅតែ​ចេះ​ផ្សំ​សារធាតុ​ផ្សេងៗ​ធ្វើជា​កំបោរ​បាយអ ដើម្បី​បន្តវេន​ពី​បុព្វបុរស​ខ្មែរ​ជំនាន់​មុន​ដែរ​។​

​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​រយៈពេល ២០​ឆ្នាំ​ហើយ អ្នកស្រី សៀង ម៉ាលី​ណែ​ត អាយុ​៣៧​ឆ្នាំ ជា​អ្នកភូមិ​ឪឡោក ស្រុក​ប្រាសាទបាគង គឺជា​អ្នកជំនាញ​ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នកជំនាញ​ស្ត្រី​ជាច្រើនរូប​ទៀត​ដែល​ចេះ​ជំនាញ​ធ្វើ និង​លាយ​បាយអ​នេះ​។ អ្នកស្រី ម៉ាលី​ណែ​ត ចេះ​ជំនាញ​ផ្សំ​ធាតុ និង​លាយ​បាយអ​ពី​ជីតា​របស់គាត់ និង​ការបណ្តុះបណ្តាល​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។

​អ្នកស្រី​បង្ហាញ​ចំណាប់អារម្មណ៍​ថា គាត់​ស្រឡាញ់​ជំនាញ​ផ្សំ​សារធាតុ និង​លាយ​បាយអ​តាម​រូបមន្ត​បុរាណ​ខ្មែរ​នេះ​ខ្លាំងណាស់ ហើយ​គាត់​ចង់​បន្ត​បង្រៀន​ជំនាញ​នេះ​ទៅឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ដើម្បី​កុំឱ្យ​បាត់បង់​កេ​រិ៍​ដំណែល​ដ៏​វិសេស​មួយ​នេះ​។

​សារធាតុ​សំខាន់ៗ ដែល​អាច​យកមក​ផ្សំ​ធ្វើជា​បាយអ​បាន​បច្ចុប្បន្ននេះ គឺ​ងាយ​រក​បំផុត​នៅតាម​ផ្ទះ ដូចជា កំបោរ​ធ្វើ​ពី​សំបក​លៀស កម្ទេច​ឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង និង​កាវ​ស្បែក​គោ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close