គ្រឿងញៀនជាង ៥ម៉ឺនគ្រាប់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន និងចាប់ខ្លួនជនសង្ស័យ ៥នាក់ នៅភ្នំពេញ និងសៀមរាប!
ជនសង្ស័យចំនួន ៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចគ្រឿងញៀន ចាប់ខ្លួន ក្នុងករណីបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១កន្លងទៅ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
សមត្ថកិច្ចជំនាញ បានឲ្យដឹងកាលពីថ្ងៃទី២ វិច្ឆិកា ថា ជនសង្ស័យចំនួន ២នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចតាមបណ្តោយផ្លូវ វិមានឈ្នះ(ទំនប់កប់ស្រូវ) ភូមិត្រពាំងពោធិ៍ស សង្កាត់ចោមចៅ៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ និងដកហូតថ្នាំញៀនមេតំហ្វេតាមីនគ្រាប់(WY)ចំនួន ២០.០០០គ្រាប់។
ជាមួយគ្នា សមត្ថកិច្ច បន្តការស៊ើបអង្កេត ឈានទៅចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ទផត (ស្រី១នាក់) និងឆែកឆេរលំនៅដ្ឋាននៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកបាគង ខេត្តសៀមរាប បានរកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រភេទគ្រាប់(WY)ចំនួន ៣០.០០០គ្រាប់បន្ថែមទៀត។
ជនសង្ស័យទាំង ៥នាក់នោះ ទី១.ឈ្មោះ ខុង ខុម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ, ២-ឈ្មោះ អាត នឿត ភេទប្រុស អាយុ៤០ឆ្នាំ, ៣-ឈ្មោះ សល់ សេងលី ភេទប្រុស អាយុ៣៨ឆ្នាំ, ៤-ឈ្មោះ លឹម ហេង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ និង៥-ឈ្មោះ សឹម សត្យា ភេទស្រី អាយុ៣៨ឆ្នាំ។ ចំណែកវត្តុតាងចាប់បានសរុប៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY)ចំនួន ៥៦.៣៩៧គ្រាប់ ស្មើទម្ងន់ ៥ គ.ក្រ ០៧៥.៧៩ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។