ជ្រូកកណ្ដុរក្លាស្សេ ១៦០ក្បាល ដឹកចេញពីថៃ ត្រូវសមត្ថកិច្ច ឃាត់ដុតកំទេចចោល
បន្ទាយមានជ័យ៖ ជ្រូកកណ្ដុរក្លាស្សេចំនួន ១៦០ក្បាល ដឹកតាមរថយន្ត១គ្រឿង នាំចូលតាមច្រករបៀងចេញពីប្រទេសថៃ ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់បានកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២១ នៅត្រង់ចំណុចមុខវត្តខ្លែងពណ៍ ភូមិខ្លែងពណ៍ ឃុំស្លក្រាម ស្រុកស្វាយចេក។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កំលាំងសមត្ថកិច្ចចម្រុះ បានចេញស្ទាក់បាប់បានរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៍សំបកឳឡឹក ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៍ ភូមិខ្លែងពណ៍ ឃុំស្លក្រាម ស្រុកស្វាយចេក និងឃាត់ខ្លួនអ្នកបើកបរម្នាក់ ឈ្មោះ យនសាម៉េត អាយុ ៣៧ឆ្នាំមានទីលំនៅ នៅភូមិស្រឡៅជ្រុំ ឃុំ សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីឃាត់រថយន្តហើយកម្លាំងចម្រុះឆែកឆេក្នុងរថយន្តរកឃើញ ជ្រូកក្លាស្សេចំនួន ១៦០ក្បាល។
ក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ពុំមានលិខិតអនុញ្ញាតិឲ្យដឹកជញ្ជូននិងមានការដឹកជញ្ជូនមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានការប្រែប្រួលសភាពដើម និងមានក្លិនស្អុយ ទើបមន្ត្រីចម្រុះបានធ្វើការសម្រេចដុតកំទេចចោល នៅវេលាម៉ោង ១២ និង ៣០នាទី រសៀល នៅថ្ងៃទី ០៤ ខែវិច្ឆិការ ឆ្នាំ២០២១ តែម្តង ។ចំណែកម្ចាស់រថយន្តនិងរថយន្តកម្លាំងសមត្ថកិច្ចចម្រុះរៀបចំសំណុំរឿងចាត់ការតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។