សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

ខេត្ត​កំ​ព​អ់​ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ឆ្លងទន្លេ​មេគង្គ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ​។

​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ នេះ​​បានចាប់ផ្តើម​សាងសង់​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ស្ពាន​នេះ ចាប់ផ្តើម​នៅត្រង់​គីឡូម៉ែត្រ​លេខ​៥៨+២០០ ត្រើយ​ខាងលិច ស្ថិត​លើផ្លូវ​ខេត្ត​លេខ​២៧១៤ នៅ​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់​ទៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ នៅ​ចំណុច​ភូមិ​ក្តុល​កណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ តួ​ស្ពាន​មាន​ប្រវែង ១,១៣១​ម៉ែត្រ ទទឹង ១៣.៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​កម្រាស់ ៥​សង់ទីម៉ែត្រ មាន​ផ្លូវ​រថយន្ត​ចំនួន ២​គន្លង ផ្លូវ​ម៉ូតូ​ចំនួន ២​គន្លង ផ្លូវ​ថ្មើរជើង​ចំនួន ២​គន្លង សម្រាប់​ទៅមក​។
​ផ្លូវ​មេ​សងខាង​ស្ពាន ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៧១C មាន​ប្រវែង ៨.៣២៣ ម៉ែត្រ​។ សរុប​រួមទាំង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង​សរុប ៩,៤៥៤​ម៉ែត្រ​។ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​នេះ ត្រូវបាន​ចំណាយពេល​សាងសង់ ៤២​ខែ ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ចំណាយ​ថវិកា​ជិត ៥៧​លាន​ដុល្លារ​អាមេរិក​។​

​ក្រៅតែពី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ហើយ​នោះ ក្នុង​កម្មវិធី​ថ្ងៃនេះ ក៏​ភ្ជាប់​ជាមួយ​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ «៧១​ស៊ី (C)» ត​ភ្ជាប់​ពី​ស្រុក​ត្បូង ខេត្ត​ត្បូងឃ្មុំ ទៅ​ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ប្រវែង​ជិត ១១៥​គីឡូម៉ែត្រ​ផងដែរ​។ ផ្លូវ​នេះ ចាប់ផ្តើម​ពី​គីឡូម៉ែត្រ​លេខ​១៥៤+៧០០ ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់​នៅ​គីឡូម៉ែត្រ​លេខ​៣០+៤០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close