WHO ថា វីរុស​បំប្លែង​ថ្មី “​អូ​មី​ក្រុង​” មាន​ហានិភ័យ​ខ្ពស់​

​ហ្សឺ​ណែវ​៖ អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់ថា វីរុស​កូ​វីដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង មាន​ហានិភ័យ​ខ្ពស់​ដែល​អាចធ្វើ​ឲ្យ​ករណី​ឆ្លង​ថ្មីៗ​កើន​ឡើ​ខ្លាំង ក្នុង​គ្រា​ដែល​ការបិទ​ព្រំដែន​ដោយ​ប្រទេស​កាន់តែច្រើន កំពុង​ក្លាយជា​បញ្ហា​ចំពោះ​ការស្តារ​សេដ្ឋកិច្ចពិភពលោក​ឡើង​វិញ​ពី​ជំងឺ​រាតត្បាត​សកល ដែល​បានអូសបន្លាយ​អស់ពីរ​ឆ្នាំ​មកហើយ​។

​អង្គការ WHO បាន​ណែនាំ​សមាជិក​ទាំង ១៩៤​ប្រទេស​របស់ខ្លួន​ថា ការកើនឡើង​នៃ​ករណី​ឆ្លង​ណាមួយ​បង្កឡើង​ដោយ​វីរុស​អូ​មី​ក្រុង អាច​នឹង​ក្លាយជា​ករណី​ធ្ងន់ធ្ងរ ប៉ុន្តែ​រហូតមកទល់​នេះ ពុំទាន់​មាន​ករណី​ស្លាប់​ណាមួយ​ដោយសារ​កូ​វីដ​១៩ មាន​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស អូ​មី​ក្រុង នៅឡើយ​ទេ​។

​បើតាម​អង្គការ WHO វីរុស​អូ​មី​ក្រុង កើតចេញពី​ការ​បំប្លែង​ខ្លួន​ច្រើនលើក ដែល​យើង​ពុំ​ធ្លាប់​បានឃើញ​កន្លងមក​ចំពោះ​វីរុស ហើយ​ប្រាកដ​ណាស់ វា​អាចមាន​សក្តានុពល​បង្ក​ឲ្យ​សោកនាដកម្ម​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​កាន់តែ​រីកធំឡើង​។ បន្ថែម​លើ​នេះ អង្គការ WHO បាន​សង្កត់ធ្ងន់ថា ហានិភ័យ​ជាស​កល​ពាក់ព័ន្ធ​នឹង​វីរុស​អូ​មី​ក្រុង គឺ​ពិតជា​ខ្ពស់​ណាស់​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ទាំង​តូច​ទាំង​ធំ​នៅលើ​ពិភពលោក​បាន​ចាត់វិធានការ​ភ្លាមៗ​កាលពី​សប្តាហ៍​មុន ដើម្បី​តាមដាន​លើ​អ្នកដំណើរ​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​រកឃើញ​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង នេះ​មុនគេ​។ ការចាត់វិធានការ​ភ្លាមៗ​នេះ គឺ​ត្រូវបាន​ចាត់ទុកថា ជាការ​រួមចំណែក​ជួយ​ទប់ទល់​នៅក្នុង​ដំណាក់កាល​បឋម ដើម្បី​កុំ​ឲ្យ​វីរុស​ថ្មី​ន​នេះ​រីក​រាលដាល​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close