អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦ និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវ
ខេត្តព្រះសីហនុ៖ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ឬខ្លោងទ្វារខាងលិច នៃក្រុងអង្គរធំ គ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតា និងព្រះកេសអសុរាក្នុងរយៈពេលមួយខែទៀត។
កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវនិយាយថា ក្រុមការងារកំពុងបង្ហើយការងារជួសជុល និងដំឡើងព្រះកេសទេវតា និងអសុរា ការងារបំពេញថ្មភក់ថ្មី ការងារដាប់ក្បាច់ និងការងារដំឡើងតួមេទ័ពទេវតា មុននឹងបញ្ចប់ការងារដំឡើងព្រះកេសនៃចម្លាក់កូរសមុទ្រទឹកដោះគម្រោងជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។
សូមជម្រាបថា ព្រះកេសទេវតានិងព្រះកេសអសុរាចំនួន១៣ត្រូវបានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាដែលក្នុងនោះប្រទះឃើញព្រះកេសទេវតាចំនួន៦ (ព្រះកេសពេញរូបរាងចំនួន៤ និងពាក់កណ្ដាលចំនួន២) និងព្រះកេសអសុរាចំនួន៧ (ព្រះកេសពេញរូបរាងចំនួន៦ និងពាក់កណ្ដាលចំនួន១)។ គម្រោងជួសជុលខ្លោងទ្វាតាកាវ ជាគម្រោងជួសជុលរបស់អាជ្ញាធរជាតិអប្សរា ដែលមានការឧបត្ថម្ភពីវិស័យឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។