មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវការ នៅ​រសៀល ថ្ងៃនេះ​!

ខេត្ត​ព្រះសីហនុ​៖ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ ក្រោម​ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» ចាប់ផ្តើម​បើក​ជា​ផ្លូវការ នៅ​ថ្ងៃទី​១ ខែធ្នូ នេះ នៅ​ខេត្ត​ព្រះសីហនុ​។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងថា នេះ​គឺជា​លើក​ទី​១ ដែល​កម្ពុជា បានទទួល​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការ រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ ចាប់តាំងពី​ការចូល​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា (PEMSEA) នៅ​ឆ្នាំ​១៩៩៤​។ ​មហាសន្និបាត​ដែលមាន​រយៈពេល ២​ថ្ងៃនេះ នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ផ្ទាល់ និង​ការចូលរួម​តាមរយៈ​ប្រព័ន្ធ​បញ្ជូន​សំឡេង​និង​រូបភាព​ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ PEMSEA​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងថា មុននឹង​បើក​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១ ជា​ផ្លូវការ​នៅ​រសៀល​ម៉ោង ១ មាន​ការបើក​កិច្ចប្រជុំ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ការ​ជាតិ​នៃ​បណ្តា​ខេត្ត​របស់​ប្រទេស​សមាជិក PEMSEA ដែល​ក្នុងនោះ រដ្ឋបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំង ៤ របស់​កម្ពុជា រួមមាន​ខេត្ត​ព្រះសីហនុ ខេត្តកំពត កោះកុង និង​កែប​។ ​នៅថ្ងៃនេះ វេលា​ម៉ោង​១​រសៀល នឹងមាន​ពិធី​បើក​មហាសន្និបាត​ជា​ផ្លូវ​ការដែល​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នឹង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​ជា​អធិបតី និង​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧​។

​យោងតាម​កម្មវិធី មហាសន្និបាត​នេះ​នឹងមាន​សន្និសីទ​អន្តរជាតិ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី និង​ការធ្វើ​សន្និសីទ​សារព័ត៌មាន​។ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ត្រូវបាន​រៀបចំឡើង​រៀងរាល់ ៣ ឆ្នាំ​មក​ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​។
​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៦ ត្រូវបាន​រៀបចំឡើង​នៅ​ប្រទេស​ហ្វីលីពីន​។ ប្រទេស​ជា​សមាជិក​នៃ​អង្គការ PEMSEA មាន​ចំនួន ១១ ក្នុងនោះ​រួមមាន កម្ពុជា សឹង្ហ​បុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទី​ម័​រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំង​មាន​អង្គការ​ដៃគូ​ជាច្រើន​ទៀត​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា គោលបំណង​សំខាន់ៗ​នៃ​ការរៀបចំ​មហាសន្និបាត​សមុទ្រ​រួមមាន​៖ ទី​១) ចែករំលែក​មេរៀន​ជា​បទពិសោធន៍ តាមដាន​វឌ្ឍនភាព​ការងារ​កន្លងមក និង​ពង្រីក​បន្ថែម​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ ដែល​បាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់ ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ទី​២) បង្កើត​និង​រៀបចំ​ឡើងវិញ​នូវ​យន្តការ​គ្រប់គ្រង​ដែលមាន​ស្រាប់ និង​ជំរុញ​បង្កើត​ឱកាស​ថ្មីៗ​បន្ថែមទៀត សម្រាប់​ភាពជា​ដៃគូ​ក្នុង​តំបន់ តាមរយៈ​បច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និង​ហិរញ្ញប្បទាន ដើម្បី​បន្ត​និរន្ត​ភាព​នៃ​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ និង ទី​៣) កំណត់​នូវ​ផែនទី​បង្ហាញផ្លូវ​ដ៏​ច្បាស់លាស់​មួយ សម្រាប់​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​សមុទ្រ​នា​ទស្សវត្ស​ន៍​ខាងមុខ ដោយ​អនុលោម​ទៅតាម​ផែនការ​មួយ​ទសវត្សរ៍ របស់​អង្គការសហប្រជាជាតិ នៃ​វី​ទ្យា​សាស្ត្រ​មហាសមុទ្រ របៀបវារៈ​របស់​អង្គការ​សហ​ប្រជា​តិ​ឆ្នាំ​២០៣០ អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ក្របខ័ណ្ឌ​ជីវៈចម្រុះ​សកល​ក្រោយ​ឆ្នាំ​២០២០ ព្រមទាំង​បណ្តា​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​នានា​។​

​ឯកឧត្តម​បាន​មានប្រសាសន៍ថា មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​នេះ​គឺជា​មោទកភាព​សម្រាប់​កម្ពុជា​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​ដ៏​មាន​សារៈសំខាន់​នេះ ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ពិនិត្យ​លើ​ផែនការ​ការងារ​ដែល​បានសម្រេច​អនុម័ត​កន្លងមក និង​ផែនការ​ទិសដៅ​ដែល​ត្រូវ​ធ្វើជា​បន្តបន្ទាប់ រួមទាំង​ការគិតគូរ​ពី​មូលនិធិ​ដែល​ត្រូវ​យកមកអនុវត្ត​ដើម្បី​ការពារ​និង​អភិរក្ស​សមុទ្រ​នៅ​តំបន់​អាស៊ី​បូព៌ា​។
​មុននឹង​ឈានដល់​ការរៀបចំ​មហាសន្និបាត​សមុទ្រ​ឆ្នាំ​២០២១ មាន​ព្រឹត្តិការណ៍​អម​ជាច្រើន​ចាប់តាំងពី​ខែមករា មកដល់​ខែ វិច្ឆិកា ឆ្នាំ​២០២១ នេះ​រួមមាន​ការប្រជុំ​ពិភាក្សា​តុមូល សិក្ខាសាលា និង​ប្រជុំ​ក្រុមប្រឹក្សា​របស់​អង្គការ ដើម្បី​ពិនិត្យ​លើ​វ​ឌ្ឍ​ភាព​នៃ​ការងារ​និង​សមិទ្ធផល​ទាំងអស់ រួមទាំង​ការធានា​សន្តិសុខ​ស្បៀង ចំណូល និង​ជីវភាព​នៃ មនុស្ស​ដែល​រស់នៅ​តំបន់ឆ្នេរ និង​ការ​ស្តារឡើងវិញ​នូវ​ធនធានធម្មជាតិ​នៅក្នុង​សមុទ្រ​ដូចជា​ផ្កា​ថ្មី ស្មៅ​សមុទ្រ និង​ព្រៃកោងកាង រួម​នឹង​ការគ្រប់គ្រង​លើ​ការបំពុល​ទឹក ការប្រែប្រួល​អាកាសធាតុ និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាស និង​ការរស់នៅ​របស់​សហគម​ន៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close