WHO ព្រមានប្រឆាំងនឹងការដាក់បំរាមធ្វើដំណើរ ដើម្បីទប់ស្កាត់វីរុសបំប្លែងថ្មី អូមីក្រុង
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានដល់បណ្តាប្រទេសនានា មិនអោយដាក់បំរាមធ្វើដំណើរពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី អូមីក្រុង ខណៈដែលរដ្ឋាភិបាល និងក្រុមអ្នកវិទ្យាសាស្ត្របានព្យាយាមកំណត់ថាតើវ៉ាក់សាំងការពារបច្ចុប្បន្ន នឹងផ្តល់ការការពារដល់កម្រិតណាដែរប្រឆាំងនឹងវីរុសបំប្លែងថ្មី។
បើតាមអង្គការសុខភាពពិភពលោក (WHO) បំរាមលើការធ្វើដំណើរនឹងមិនអាចជួយបញ្ឈប់ការរីករាលដាលនៃវីរុសបំប្លែងថ្មីនោះទេ ប៉ុន្តែវានឹងដាក់ “បន្ទុកធ្ងន់”ដល់មនុស្ស និងជីវិតរស់នៅរបស់ពួកគេ។
ជាមួយគ្នានេះ អគ្គនាយក WHO លោក ថេដ្រូស អាដាណម នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសសមាជិកទាំង ១៩៤ របស់អង្គការសុខភាពពិភពលោកបានជំរុញឱ្យពួកគេចាត់វិធានការទប់ស្កាត់នានាដោយសមហេតុផល អនុលោមតាមបទប្បញ្ញត្តិរបស់អង្គការនេះ ចាប់តាំងពីឆ្នាំ២០០៥។
លោក ថេដ្រូស អាដាណម បានថ្លែងអំណរគុណចំពោះ ប្រទេសអាហ្វ្រិកខាងត្បូង និង បុតស្វាណា ផងដែរ ដែលបានរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង ហើយរាយការណ៍អំពីវាបានយ៉ាងឆាប់រហ័ស។
ទន្ទឹមនេះ លោក ថេដ្រូស ក៏កំពុងព្រួយបារម្ភផងដែរថា ប្រទេសអាហ្វ្រិកខាងត្បូងទាំងនេះ កំពុងតែទទួលរងការពិន័យ (វិធានការផ្អាកការធ្វើដំណើរពីសំណាក់ប្រទេសផ្សេងៗ) បន្ទាប់ពីពួកគេបានធ្វើរឿងដ៏ត្រឹមត្រូវ។
សូមជម្រាបថា មេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានប្រកាសរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីចុងសប្តាហ៍មុននេះ ហើយជាមួយគ្នានោះ WHO បានចាត់ទុកវាជាវីរុសស្ថិតក្នុងការព្រួយបារម្ភ និងត្រូវការពេល ២ ទៅ ៣សប្តាហ៍ទៀត ដើម្បីស្វែងយល់អំពីឥទ្ធិពលពិតប្រាកដរបស់វា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។