ករណី​ឆ្លង​កូ​វីដ​១៩ នៅ​កូរ៉េខាងត្បូង​កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​

​នៅ​ថ្ងៃទី​១​ខែធ្នូ កូរ៉េខាងត្បូង​បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ជាង ៥​ពាន់​នាក់​ក្នុង​មួយថ្ងៃ ដែលជា​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុនមក​។ ករណី​ឆ្លង​កើនឡើង​ក្នុងពេលដែល​ពិភពលោក​បារម្ភ​ពី​ការឆ្លង​រាលដាល​កូ​វីដ​១៩​បំប្លែង​ថ្មី​Omicron​។​

​កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ ១៩ ក្នុង​រយៈពេល​២៤​ម៉ោង​មាន​ដល់​ទៅ​៥១២៣​នាក់ ក្នុងនោះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ដល់​ទៅ​៥០៧៥​នាក់ ។ សរុប​ករណី​ឆ្លង​កូ​វីដ​១៩ ក្នុងប្រទេស​កូរ៉េខាងត្បូង កើនឡើង​ដល់​ទៅ ជាង​៤៥២​ពាន់​នាក់ ។​

​ក្រៅពីនេះ​ក៏មាន​អ្នកស្លាប់​៣៤​នាក់​ផងដែរ​ក្នុង​របាយការណ៍​ថ្ងៃទី​១​ខែធ្នូ ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​ទៅ​៣៦៥៨​នាក់ ។ ក្នុងពេល​នេះដែរ​អ្នកជំងឺ​ធ្ងន់​កើនឡើង ៧២៣​នាក់​ផងដែរ​។​

​ចំណែក​កូ​វីដ​១៩​បំប្លែង​ថ្មី Omicron ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ត្រូវ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​តំបន់​អាហ្វ្រិក កូរ៉េខាងត្បូង ក៏បាន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ ។ នៅ​ថ្ងៃទី ៣០​ខែវិច្ឆិកា កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​Omicron ម្នាក់ នាំចូល​ពី​ក្រៅប្រទេស​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close