WHO ស្នើបណ្តាប្រទេសមានវិធានការ «សមហេតុផល» ប្រឆាំងនឹងហានិភ័យរបស់ Omicron
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភ នៅថ្ងៃអង្គារសប្តាហ៍នេះ ស្របពេលប្រទេសមួយចំនួន កំពុងដាក់ចេញនូវវិធានការបិទខ្ទប់ ប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) យ៉ាងតឹងរ៉ឹង ដោយលោកផ្ទាល់បានយល់ឃើញថា «មិនទាន់មានភស្តុតាងត្រឹមត្រូវ ឬភាពគួរឲ្យជឿទុកចិត្តណាមួយ» អំពីឥទ្ធិពលនៃមេរោគបំប្លែងថ្មីនេះ ថាពិតជាអាចបង្កការចម្លងយ៉ាងលឿនរហ័ស នៅតំបន់អាហ្វ្រិកខាងត្បូងនោះនៅឡើយទេ។
អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសសមាជិកទាំង ១៩៤ របស់ WHO បានជំរុញឱ្យពួកគេចាត់វិធានការទប់ស្កាត់នានា ដោយ «សមហេតុផល» អនុលោមតាមបទប្បញ្ញត្តិរបស់អង្គការនេះ តាំងតែពីឆ្នាំ២០០៥។ លោក ថេដ្រូស អាដាណម បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងនៅតែមើលឃើញសំនួរ ច្រើនជាងចម្លើយនៅឡើយ ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី Omicron ដូចជាការចម្លង, ភាពធ្ងន់ធ្ងរនៃជំងឺ និងប្រសិទ្ធភាពនៃការធ្វើតេស្ត, ការព្យាបាល និងវ៉ាក់សាំងជាដើម»។
លោក ថេដ្រូស អាដាណម ក៏បានថ្លែងអំណរគុណចំពោះ ប្រទេសអាហ្វ្រិកខាងត្បូង និង បុតស្វាណា ផងដែរ ដែលបានរកឃើញមេរោគបំប្លែងថ្មី Omicron ហើយរាយការណ៍អំពីវា បានយ៉ាងឆាប់រហ័ស។ លោកប្រធានក៏កំពុងព្រួយបារម្ភផងដែរថា ប្រទេសអាហ្វ្រិកខាងត្បូងទាំងនេះ កំពុងតែទទួលរងការពិន័យ (វិធានការផ្អាកការធ្វើដំណើរ ពីសំណាក់ប្រទេសផ្សេងៗ) បន្ទាប់ពីពួកគេបានធ្វើរឿងដ៏ត្រឹមត្រូវ។
គួរបញ្ជាក់ថា មេរោគបំប្លែងថ្មី Omicron ត្រូវបានប្រកាសរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីចុងសប្តាហ៍មុននេះ ហើយវាត្រូវបានរាយការណ៍ជាបន្តបន្ទាប់ នៅប្រទេសក្បែរខាងរបស់អាហ្វ្រិកខាងត្បូង ក្នុងនោះមានដូចជា បុតស្វាណា ជាដើម។ WHO បានចាត់ទុក Omicron ជាវីរុសស្ថិតក្នុងក្តីព្រួយបារម្ភ និងត្រូវការពេល ២ ទៅ ៣សប្តាហ៍ទៀត ដើម្បីស្វែងយល់អំពីឥទ្ធិពលពិតប្រាកដរបស់វា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។