សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ចំនួន ៣៧​ខ្សែ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​៣ និង​សមិទ្ធផល​នានា ដែល​ចំណាយ​ថវិកា​របស់​ជាតិ​សម្រាប់​សាងសង់​សរុប​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក ក្នុង​ក្រុងព្រះសីហនុ​។

​យោងតាម​របាយការណ៍​ដែល​ផ្តល់​ដោយ ឯកឧត្តម ជា សុផារ៉ា ប្រធាន​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​តំបន់ឆ្នេរ​បានដឹងថា ការកសាង និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​នេះ គឺ​ក្នុង​គោលបំណង ប្រែក្លាយ​ទីក្រុង​មួយ​នេះ​អោយមាន​គុណភាព​ពិតប្រាកដ ទាក់ទាញ​ការវិនិយោគ ហើយ​មានការ​អភិវឌ្ឍ​ប្រកួតប្រជែង​ជាមួយ​ទីក្រុង​ជាច្រើន​ទៀត​ក្នុង​តំបន់​។
​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​ផែនការ​ស្ថាបនា​ផ្លូវ​ទាំង ៣៧​ខ្សែ​នេះ ក្នុង​រយៈពេល​កំណត់ ៨​ខែ ឱ្យ​រួចរាល់​ជា​ស្ថាពរ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​បើក​ការដ្ឋាន​ផ្លូវ​ក្នុង​គម្រោង​អភិវឌ្ឍ​នេះ ត្រូវបាន​សិក្សា​កំណត់​បែងចែក​ឋានានុក្រម​ផ្លូវ​ជា​៣​ប្រភេទ ស្របតាម​តំបន់​នគ​រូប​និ​យ​កម្ម​ក្នុង​ក្រុង តំបន់​ជាយក្រុង តំបន់​លំនៅឋាន តំបន់​ពាណិជ្ជកម្ម និង​តំបន់​ទេសចរណ៍ ជាមួយ​ការកំណត់​លក្ខណៈ​បច្ចេកទេស​សាងសង់​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តី​រីករាយ និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ផ្លូវ និង​រចនាសម្ព័ន្ធ​នៅក្នុង​ក្រុងព្រះសីហនុ​មាន​ពេលនេះ​ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ក្នុង​ចក្ខុវិស័យ​កសាង​ផ្លូវ​នេះ មិន​ត្រឹមតែ​សម្រាប់​ធ្វើដំណើរ​ប្រកបដោយ​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្លូវ​ជា​លំហរ​សាធារណៈ​ប្រកបដោយ​មេត្រីភាព សុវត្ថិភាព និង​សមធម៌​, ផ្លូវ​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​, ផ្លូវ​នៃ​ការលើកកម្ពស់​គុណភាព​នគរូបនីយកម្ម និង​ភាព​ធន់​មាំ​ទាក់ទង​អាកាសធាតុ និង​បរិស្ថាន សក្តិសម​ជាទី​ក្រុង​ទំនើប​មាន​ផាសុខភាព​សម្រាប់​កា​ររ​ស់​នៅ​ទេសចរណ៍ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​កើតឡើង​នៅក្នុង​ខែធ្នូ​នេះ ដែល​ក្នុងនោះ​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ក្នុង​ថ្ងៃ​២​ធ្នូ មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​៣​សំខាន់​សំរាប់​សម្តេច​ក៏ដូចជា​ស​ម្រា​ប់​កម្ពុជា​ទាំងមូល​គឺ​៖ ទី​១) ២ ធ្នូ ១៩៧៨ គឺជា​ថ្ងៃ​បង្កើត រណ​សិ​រ្យ​សាមគ្គី​ស ង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ប្រមូលផ្តុំ​កម្លាំង​ក្នុងការ​រំដោះ​ប្រ ទេស​ជាតិ​អោយ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ខ្មែរ ក្រហម​ប៉ុលពត​។ ទី​២) ២ ធ្នូ ឆ្នាំ​១៩៨៧ ដែល​ព្រឹត្តិការណ៍​ជំនួប​ចរចា​ជា លើកដំបូង​រវាង សម្តេចព្រះ​នរោត្តម សីហនុ ជាមួយ សម្តេច ហ៊ុន សែន នៅ Fère en Tardenois នៅ​ប្រទេស​បារាំង ដែល​គិត​មកដល់ពេលនេះ​មាន​រយៈពេល ៣៤ ឆ្នាំ​ហើយ មុននឹង​មានការ​ពិភាក្សា​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា ១៩៩១ និង​ទី​៣) ២ ធ្នូ ឆ្នាំ​១៩៩៨ ក្នុងការ​រៀ​ចំ​យុទ្ធសាស្ត្រ​ត្រីកោណ​ក្រោយពេល​បង្កើត​រាជរដ្ឋាភិបាល​។



សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​ត្រីកោណ​នោះ​គឺមាន​មុំ​៣​សំខាន់​គឺ​៖​ទី​១) ការធ្វើ​សន្តិ​ភា​វូប​នី​កម្ម មានន័យថា​ការពង្រឹង​សន្តិភាព​ផ្ទៃក្នុង​ប្រទេស ទប់ស្កាត់​មិនអោយ​មានការ​បាញ់បោះ និង​ជម្លោះផ្ទៃក្នុង​តទៅទៀត​។ ទី​២) ការធ្វើសមាហរណកម្ម​កម្ពុជា​អោយបាន​ឆាប់​បំផុត​ជាមួយ​សហគម​អន្តរជាតិ ហើយ​ដែល​ពេលនោះ​យើង​ក៏បាន​យក​កៅអី​កម្ពុជា​ដែល​បាន​ព្យួរទុក​នៅ​អង្គការសហប្រជាជាតិ (UN) ត្រឡប់មកវិញ ហើយ​ពេលនោះ​យើង​ក៏​ចាប់ផ្តើម​មានការ​ប្រជុំ និង​ចូល​ជា​សមាជិក​អាស៊ាន (ASEAN) និង​ជាមួយ​អង្គការ​ពាណិជ្ជក​ម្ម​ពិភពលោក (WTO) និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត​។ និង ទី​៣)​ផ្អែក​លេ​ី​កត្តា​អនុគ្រោះ​ផ្ទៃក្នុង និង​កត្តា​អនុគ្រោះ​អន្តរជាតិ គឺ​កម្ពុជា​បាន​ខិតខំ​ទាំង​ប្រមូល​គ្រប់​ធនធាន​ទាំងអស់​ដើម្បី​ជំរុញ​ការកសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​។

​ជាថ្មី​ម្ដងទៀត សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​បន្ត​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ​ចាំបាច់​នានា​របស់​ក្រសួងសុខាភិបាល​ជា ពិសេស​អំឡុង​ពេលដែល​យើង​បាន​បើក​ដំណើរការ​នូវ​អាជីវកម្ម​មួយចំនួន​ដែល​កន្លងមក​គិតថា​អាច​ជួបនឹង​ហានិភ័យ​នោះ ដូចជា​តាម​ភោជនីយដ្ឋាន​អាហា​រដ្ឋា​ន ខារ៉ាអូខេ ឌី​ស្កូ​តិក ជាដើម​នោះ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន​ន៍​ថា សម្តេច​នឹង​គាំទ្រ​កូនប្រុស​ច្បង​របស់​សម្តេច​គឺ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​នាពេលខាងមុខ ប៉ុន្តែ​ការធ្វើ​នាយករដ្ឋមន្ត្រី​នេះ ក៏ត្រូវ​ឆ្លងកាត់​ធ្វើការ​បោះឆ្នោត ។ ការ​មានប្រសាសន៍​បែបនេះ គឺជា​ឆ្លើយតប​ទៅនឹង​ក្រុមប្រឆាំង​មួយចំនួន​ដែល​តែងតែ​លើកឡើង​អំពី​បញ្ហា​នេះ​ជា​ដដែលៗ​។ ​ដូច្នេះ​នៅថ្ងៃនេះ សម្ដេច​បានប្រកាស​ជា​សាធារណ​:​ថា ប្រុស​របស់​សម្ដេច គឺ ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុងចំណោម​បេក្ខជន​ផ្សេងទៀត ដោយមាន​ការគាំទ្រ​ពីស​ម្តេច​ជា​ឪពុក​តែម្តង​។​

​ជា​ចុងក្រោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​សប្បរ​សជន​ទាំងឡាយ​ដែល​បាន​ចូលក្នុង​ការកសាង​អភិ​វ​ខេត្ត​ព្រះសីហនុ​នេះ ។ ចុងបញ្ចប់​ពិធី​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុងព្រះសីហនុ ចាប់ពីពេលនេះ​តទៅ​ទៅ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close