​ប្រទេស​ចំនួន ២៣​ហើយ រកឃើញ​ករណីឆ្លងវីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង

​បរទេស​៖ អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសថា វីរុស​កូ​វីដ​១៩​បំប្លែង​ថ្មី​ចុងក្រោយបង្អស់ ដែលមាន​ឈ្មោះថា “​អូ​មី​ក្រុង​” បាន​ឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស​ចំនួន ២៣​ហើយ​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។​

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ថេ​ដ្រូ​ស អា​ដាណ​ម បញ្ជាក់ថា វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​ត្រូវបាន​រកឃើញ​ដំបូង​ដោយ​អ្នកវិទ្យាសាស្ត្រ​អាហ្វ្រិក​ខាងត្បូង​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ពិភពលោក​។

​លោក​បន្តថា យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន ២៣ មកពី​តំបន់​ចំនួន ៥ ក្នុងចំណោម​ប្រាំមួយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស អូ​មី​ក្រុង ហើយ​យើង​រំពឹងថា ចំនួន​នេះ​នឹង​កើនឡើង ខណៈ WHO បានចាត់ទុក​ការអភិវឌ្ឍន៍​នេះ គឺជា​រឿង​យ៉ាងធ្ងន់ធ្ងរ​។

​លោក ថេ​ដ្រូ​ស បន្ថែមថា ប្រការនេះ​មិនមែនជា​រឿង​គួរអោយភ្ញាក់ផ្អើល​ទេ ដោយ សារ​តែ​កន្លងមក​ករ​ណី​ឆ្លង​វីរុស អូ​មី​ក្រុង មួយចំនួន​ត្រូវបាន​គេ​រាយការណ៍​ថា មាន​រោគសញ្ញា “​ស្រាល​” ហើយ​អ្នកជំនាញ​គួរតែមាន​ព័ត៌មាន​បន្ថែម​អំពី​ការចម្លង​នៃ​ប្រភេទ​មេរោគ​កូ​វីដ​១៩​ថ្មី​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកជំនាញ​ខាង​រោគរាតត្បាត​នៅ​អង្គការ​សុខភាព​ពិភពលោក​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកស្រី Maria van Kerkhove ដែលជា​អ្នកដឹកនាំ​បច្ចេកទេស​របស់ WHO បាន​និយាយថា សេណា​រី​យ៉ូ​ដែល​អាច​កើតមាន​នោះ​គឺថា អូ​មី​ក្រុង អាច​ឆ្លង​បាន​រហ័ស​ជាង ដែរ​តា ប៉ុន្តែ​អ្នកជំនាញ​មិនទាន់​ដឹង​អំពី​ភាព​ធ្ងន់ធ្ងរ​របស់​វា​នៅឡើយ​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close