១១ខែ ឆ្នាំនេះ! កម្ពុជា នាំចេញអង្ករ ធ្លាក់ចុះជាង ១១% ខណៈស្រូវ កើនឡើងជាង ៧៥%
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ប្រ ទេសកម្ពុជា បាននាំចេញអង្ករប្រមាណជាង ៥៣ម៉ឺនតោន នៅចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ។ តួលេខនេះ បានធ្លាក់ចុះ ១១,៤៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចេញស្រូវមានចំនួន ៣,១២លានតោន នៅក្នុងរយៈពេលដូចគ្នានេះ ទៅកាន់ប្រទេសវៀតណាម ដែលមានការកើនឡើងចំនួន ៧៥,៧៥%។
របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួនជាង ១៣ម៉ឺនតោន ថយចុះ ២៨,៦៦% ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួនជាង ២៦ម៉ឺតោន កើនឡើង ១២,៩០% ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួនជាង ៥ម៉ឺន ៤ពាន់តោន ថយចុះ ៣០,៥១% និងទិសដៅដទៃទៀតចំនួន ២៤ប្រទេស មានបរិមាណសរុបជាង ៧ម៉ឺន ៨ពាន់តោន ថយចុះ២១,៤៣%។
ចំណែក ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗ ចំនួន១០ មានរហូតដល់ជិត ៤០ម៉ឺនតោន ស្មើនឹង ៧៣,៨៨% និងក្រុមហ៊ុន ៥១ដទៃទៀត បាននាំចេញត្រឹមតែជាង ១៣ម៉ឺន ៩ពាន់តោន ស្មើនឹង ២៦,១២%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។