គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៣០,៣៧ភាគរយ!
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីនេះ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោង និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ ដឹកនាំដោយ ឯកឧត្តម Perames Vudthitornetiraks ប្រធានស្ថាប័ននីដា និងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យ បានប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យដំណើរការនៃគម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺក្នុងន័យតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ នៃអគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ធ្វើយ៉ាងណាត្រូវសម្រេចទៅតាមផែនការទិសដៅ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា និង ថៃ។
នៅក្នុងកិច្ចប្រជុំនោះ លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development និង Tan Kim Eng បានបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអនុវត្តការងាររបស់ខ្លួនសម្រេចបាន ៣០,៣៧ភាគរយ ហើយក្រុមហ៊ុនសាងសង់បានប្តេជ្ញាចិត្តថា នឹងបញ្ចប់គម្រោងសាងសង់ច្រកអន្តរជាតិនេះ ទៅតាមផែនការកំណត់។
ជាមួយគ្នានោះ ឯកឧត្តម គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ន នីដា (NEDA) នៃប្រទេសថៃ បានជម្រុញអោយក្រុមហ៊ុនចម្រុះ CM និង TKE ខិតខំអនុវត្តគម្រោងអោយសម្រេចបានតាមផែនការកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់ និងគោរពតាមបទដ្ឋានបច្ចេកទេស និងប្លង់បច្ចេកទេសរបស់គម្រោង។
គម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់និងមិនអាចខ្វះបាន ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន និងកាត់បន្ថយពេលវេលាក្នុងត្រួតពិនិត្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។