មេឈ្មួញឈើចាស់វស្សាឈ្មោះចែស្រី នឹងប្ដីដឹកជញ្ជូនឈើខុសច្បាប់ទាំងថ្ងៃទាំងយប់សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប
ព្រះវិហារ ៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះឈ្មួញឈ្មោះ ចែស្រី និងប្តី បានបង្កើនសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ កាន់តែខ្លាំងក្លាជាងមុនទៅទៀត។
សកម្មភាពនេះ មន្រ្តីជំនាញនិងសមត្ថកិច្ចតាមប៉ុស្តិ៍ត្រួតពិនិត្យលើផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែស្រី និងប្តី នោះទេ។ ជាពិសេសលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បណ្តោយឲ្យឈ្មួញឈ្មោះ ចែស្រី និងប្តី ដឹកជញ្ជូនឈើយ៉ាងរលូន។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ចែស្រី និងប្តី បានឲ្យដឹងថា ស្ទើរតែរាល់ពេលព្រឹកព្រលឹមឈ្មួញទាំង២នាក់នេះដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់ទាល់តែសោះ។
ប្រភពបានឲ្យដឹងទៀតថា ទាល់តែមានការបើកដៃពីសំណាក់លោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងសមត្ថកិច្ចក្នុងស្រុករវៀងទើបឈ្មួញឈ្មោះ ចែស្រី និងប្តី មិនប្រឈមនឹងការបង្ក្រាប។ មិនតែប៉ុណ្ណោះឈ្មួញឈ្មោះ ចែស្រី និងប្តី បង្កើនសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ខ្លាំងក្លាជាងមុនទៅទៀតព្រោះមានការឃុបឃិតជាប្រព័ន្ធប្រជាពលរដ្ឋក្នុងស្រុករវៀង បានឲ្យដឹងថា សកម្មភាពឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ចូលទៅខេត្តកំពង់ធំ ពុំមានការថយចុះនោះទេ បើទោះបីមានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី និងស្រុកឆែប ក៏ដោយ។
ប្រជាពលរដ្ឋបានរិះគន់ថា មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាននិងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ ចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ខ្លួន។
ចំពោះករណីនេះ យើងនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយទេនៅថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។