លោក ប៊ុយ សុភ័ណ្ឌ ដាក់ក្តីសង្ឃឹមខ្ពស់ជាងគេ លើ៣ប្រភេទទម្ងន់ ក្នុងការប្រជែងមេដាយ ស៊ីហ្គេមវៀតណាម
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាគូបញ្ជាក់ថា នៅក្នុងចំណោមកីឡាករ កីឡាការិនីប្រដាល់សកល់ជម្រើសជាតិកម្ពុជា ៨នាក់ គឺមានកីឡារ៣នាក់ ដែលត្រៀមប្រកួតលើ៣វិញ្ញាសា ឬ៣ប្រភេទទម្ងន់ គឺជាក្តីសង្ឃឹមខ្ពស់ជាងគេ ក្នុងការប្រកួតប្រជែងមេដាយជូនជាតិ នៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងដំណើរការជាផ្លូវការពីថ្ងៃទី១២-២៣ ខែសឧភា ឆ្នាំ២០២២។
នៅថ្ងៃទី៦ ខែឧសភានេះ លោកអគ្គលេខាធិការ ប៊ុយ សុភ័ណ្ឌ អះអាងថា «កីឡាករ សៅ រង្សី ប្រកួតលើប្រភេទទម្ងន់ ៥៣គីឡូក្រាម, កីឡាករ ទូច ដេវីដ ទម្ងន់៦៣គីឡូក្រាម និងកីឡាករ វី សុភ័ស ប្រកួតទម្ងន់៦៩ ដែលកីឡាករទាំងបីនាក់នេះ គឺជាក្តីសង្ឃឹមខ្ពស់ជាងគេ ខណៈកីឡាករ កីឡាការិនី៥នាក់ផ្សេងទៀត ក៏ជាក្តីសង្ឃឹមក្នុងការប្រជែងមេដាយផងដែរ។ អ្វីដែលសំខាន់នោះ គឺវាអាស្រ័យទៅលើភាពជាក់ស្តែង ក្នុងការចាប់ឆ្នោត មុនពេលការប្រកួតជាមុនសិន»។
ជារួម លោក ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា បើទោះបីជា ក្រុមកីឡាករ កីឡាការិនីប្រដាល់សកល់ជម្រើសជាតិកម្ពុជាទាំង៨នាក់ ទោះស្ថិតនៅក្នុងក្តីរំពឹងតិចជាង ឬខ្ពស់ជាងក្តី ក៏លោក ក្នុងនាមតំណាងថ្នាក់ដឹកនាំសហព័ន្ធនៅតែផ្តល់ការលើកទឹកចិត្តខ្ពស់សម្រាប់ក្រុមប្រដាល់សកលទាំងអស់ ក្នុងការប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយជូនជាតិ នៅក្នុងការប្រកួតកីឡាដ៏ធំថ្នាក់តំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះផងដែរ។ គេចាំបានថា កាលពីប្រកួតស៊ីហ្គេម លើកទី៣០ កាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ប្រភេទកីឡាប្រដាល់សកលកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធចំនួន ៥គ្រឿង។
ជាមួយនឹងការដាក់ក្តីសង្ឃឹមបែបនេះ គឺដោយសារក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា៥នាក់បានចេញទៅបោះជំរុំហ្វឹកហាត់ នៅក្រៅប្រទេស ក្នុងនោះ៣នាក់ទើបនឹងវិលត្រឡប់មកហ្វឹកហាត់នៅប្រទេសថៃ ជាង១ខែ ហើយកីឡាករ២នាក់ផ្សេងទៀត ដែលកំពុងហ្វឹកហាត់នៅប្រទេសកូរ៉េ ក៏នឹងវិលត្រឡប់មកកម្ពុជាវិញ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីត្រៀមខ្លួនចេញដំណើររួមគ្នា នាថ្ងៃទី១៣ឧសភា ទៅកាន់ប្រទេសវៀតណាម ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១។
អគ្គលេខាធិការរូបនេះអះអាងថា តាមរយៈការវាយតម្លៃ ការបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេសទាំងពីរនេះ គឺកីឡាករប្រដាល់សកលកម្ពុជា បង្កើនបានបទពិសោធន៍ថ្មីៗ និងសិទ្ធផលល្អ ដោយលោកដាក់ក្តីសង្ឃឹមថា ពួកគេនឹងចូលរួមប្រកួតប្រជែងមេដាយ ពីស៊ីហ្គេម លើកទី៣១នេះបានជាក់ជាមិនខាន ។
ជាពិសេសគឺនឹងទទួលបានលទ្ធផលល្អប្រសើរជាងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វ៊ីលីពីន។ ក្រុមប្រតិភូកីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា នឹងចេញដំណើរនាថ្ងៃទី១៣ ខែឧសភា និងប្រកួតចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែឧសភា។
គួរបញ្ជាក់ថា សម្រាប់សមាសភាពក្រុមប្រដាល់សកលជម្រើសជាតិកម្ពុជា សរុបចំនួន៨នាក់ ក្នុងនេះមានកីឡាការិនី២នាក់ (ប្រកួតលើ៨វិញ្ញាសា ឬ៨ប្រភេទទម្ងន់) ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដោយគ្រោងនឹងធ្វើឡើងនាថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។