ពូទីន ចង់ចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងខែវិច្ឆិកាខាងមុខ
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃពុធសប្តាហ៍នេះបានលើកឡើងថា ទីក្រុងម៉ូស្គូបានជូនដំណឹងពីទីក្រុងហ្សាការតា អំពីចេតនារបស់ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទម្រង់នៃការចូលរួមរបស់លោក ពូទីន នឹងអាស្រ័យលើស្ថានភាព ពិភពលោក ដោយគិតគូរពីស្ថានភាពអនាម័យ និងរោគរាតត្បាត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បានដឹកនាំគណៈប្រតិភូរុស្ស៊ីទៅចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រី ការបរទេស G20 នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ នៅ កោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី។
បើតាមសារព័ត៌មានជប៉ុន NHK រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G20នឹងពិភាក្សាអំពីស្ថានការណ៍នៅអ៊ុយក្រែនក្នុងកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំរយៈពេលពីរថ្ងៃនៅកោះបាលី ដែលនឹងចាប់ផ្តើម ពីថ្ងៃព្រហស្បតិ៍នេះ គឺជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។