កម្ពុជា ទទួលបាន​វ៉ាក់សាំង Pfizer ដែលជា​ជំនួយ​របស់​អូស្ត្រាលី ចំនួន​ជិត​២០​ម៉ឺន​ដូ​ស​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែកក្កដា ឆ្នាំ​២០២២​នេះ ប្រទេស​អូស្ត្រាលី បានប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Pfizer សម្រាប់​កុមារ ចំនួន ១៩៦,៨០០​ដូ​ស នៃ​ចំនួន​ដែល​នឹង​ប្រគល់​សរុប ៤៨២,៤០០​ដូ​ស ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​

​វ៉ាក់សាំង​នេះ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា ព្រមទាំង​បាន​ប្រគល់ជូន​កម្ពុជា​រួចរាល់​ហើយ ដោយ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ប្រគល់ និង​ទទួល​នូវ​ជំនួយ​វ៉ាក់សាំង​នេះ​។​ ការប្រគល់​ប្រគល់ជូន​វ៉ាក់សាំង​នៅពេលនេះ គឺជា​ការបន្ថែម​ទៅលើ​ជំនួយ វ៉ាក់សាំង Pfizer-BioNtech ចំនួន​២,៣៥​ដូ​ស ទូ​បង្កក​ត្រជាក់ និង​ទូ​បង្កក​ត្រជាក់​បំផុត សរុប​ទាំងអស់​ចំនួន​១៣៣​គ្រឿង និង​គ្រឿង​បរិក្ខា​ចាំបាច់​ផ្សេងៗ​ទៀត ដែលជា​ជំនួយ​ទ្វេភាគី​របស់​ប្រទេស​អូស្ត្រាលី​។ ជំនួយ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​អូស្ត្រាលី ដែលមាន​ថវិកា​ចំនួន​៣៥,៧​លាន​ដុល្លារ​អូស្ត្រាលី ដែលជា​ការប្តេជ្ញាចិត្ត​គ្រប់​ជំហាន​ទាំងអស់ ឆ្ពោះទៅរក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព និង​សមភាព​នៅ​កម្ពុជា​។​

​កម្ពុជា​កំពុង​ទទួលបាន​ជោគជ័យ​ខ្ពស់​លើ​ការប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ បើទោះបី​ទទួលបាន​ជោគជ័យ​យ៉ាងណាក្តី តែ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ លើ​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ ការងារ​អាទិភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​នេះ គឺ​ការបន្ត​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បន្ត​ស្វះ​ស្វែងរក​វ៉ាក់សាំង​ទុក​ក្នុង​ឃ្លាំង ហើយ​ប្រកាស​ជំរុញ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ធានាបាន​នូវ​ការការពារ​សុខភាព​ប្រជាពលរដ្ឋ​ពី​មេរោគ​កូ​វីដ​១៩​។ មកដល់ពេលនេះ​ទាំង​ជំនួយ និង​ការបញ្ជាទិញ កម្ពុជា​រកបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សរុប​ជិត ៥៣​លាន​ដូ​ស​។ ក្នុងនោះ​នៅសល់​ក្នុង​ឃ្លាំង​ប្រមាណ​ជា ៨​លាន​ដូ​ស​។ កម្ពុជា​ក៏​នៅមាន​វ៉ាក់សាំង​សរុប​ប្រមាណ ២០​លាន​ដូ​ស​ទៀត ដែលជា​ជំនួយ និង​ជា​ការបញ្ជាទិញ មិនទាន់បាន​ដឹក​មក​ប្រទេស​កម្ពុជា​ផងដែរ​។​

​ដោយឡែក​ការងារ​ចាក់​វ៉ាក់សាំង​វិញ គិត​ត្រឹម​ថ្ងៃទី​០៦ ខែកក្កដា កម្ពុជា​ចាក់​បាន​ជាង ៩៤​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។ ក្នុងនោះ​ចាក់​ជូន​កុមារ​អាយុ​ចាប់ពី ៣​ឆ្នាំ​ឡើង ដល់​ក្រោម ៥​ឆ្នាំ បាន​ជាង ៧០​ភាគរយ​, កុមារ​អាយុ ៥​ឆ្នាំ បាន​ជាង ១៣៥​ភាគរយ​, កុមារ​អាយុ​ពី ៦​ឆ្នាំ ទៅ​១២​ឆ្នាំ បាន​ជាង ១០៩​ភាគរយ​, កុមារ និង​យុវវ័យ អាយុ ១២​ឆ្នាំ ដល់ ១៨​ឆ្នាំ បាន​ជាង ១០០​ភាគរយ និង​អាយុ ១៨​ឆ្នាំ​ឡើង បាន​ជាង ១០៣​ភាគរយ​។ ក្រៅតែពី​ដូ​ស​មូលដ្ឋាន ពេលនេះ​កម្ពុជា បាន​ឈានដល់​ចាក់​ដូ​ស​ជំរុញ​ទី​៥​ផងដែរ​។ ក្នុងនោះ​ដូ​ស​ជំរុញ​ទី​៣ ចាក់​បាន​ជាង ១០​លាន​នាក់​, ដូ​ស​ជំរុញ​ទី​៤ ចាក់​បាន​ជិត ៣​លាន​នាក់​, ដូ​ស​ជំរុញ​ទី​៥ បាន​ជាង ៣៤​ម៉ឺន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close