ប្រតិភូ​កីឡា​ប៉េតង់​ចេញទៅ​ប្រកួត​កីឡា​ពិភពលោក នៅ​សហរដ្ឋអាមេរិក​

​ក្រុម​ប្រតិភូ​កីឡា​ប៉េតង់​កម្ពុជា​បាន​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ត្រៀម​ហោះហើរ​នៅវេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អា​ធ្រា​ត​យប់​ថ្ងៃទី​៨ ខែកក្កដា​នេះ ទៅកាន់​សហរដ្ឋអាមេរិក ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ពិភពលោក ឆ្នាំ​២០២២​។​

​ប្រតិភូ​កីឡា​ប៉េតង់​កម្ពុ​ជាមាន​ចំនួន​៥​នាក់ គឺ​កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ដឹកនាំ​ដោយ​កញ្ញា គិ​ន សំណាង អគ្គលេខាធិការ​ង សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា លោក ហៀន ថាវរ​: មន្ត្រី​សហព័ន្ធ និង​លោក ចាន់ វិចិត្រ មន្ត្រី​ព័ត៌មាន​។​

​តាម​ការបញ្ជាក់​ពី​កញ្ញា គិ​ន សំណាង គូសបញ្ជាក់ថា ការប្រកួត​កីឡា​ពិភពលោក​នេះ​មាន​ប្រភេទ​កីឡា​ច្រើន​ចម្រុះ ប៉ុន្តែ​កម្ពុជា​បាន​បញ្ជូន​ផ្នែក​ប៉េតង់​ចូលរួម ដោយមាន​កីឡាការិនី​២​នាក់ គឺ​កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ដោយ​ត្រូវ​ប្រកួត​លើ​២​វិញ្ញាសា គឺ​វិញ្ញាសា​២​នាក់​ទល់​២​នាក់ និង​វិញ្ញាសា​វា​យក​យក​ពិន្ទុ​។

​អគ្គលេខាធិការ​ង​រូបនេះ​បន្តថា ប៉េតង់​កម្ពុជា​សង្ឃឹមថា​នឹង​ទទួលបាន​លទ្ធផល​ល្អ ដោយសារ​សហព័ន្ធ​មាន​ផែនការ​ច្បាស់លាស់ ក្នុងការ​សម្រិតសម្រាំង​កីឡាការិនី ដែលមាន​បទពិសោធន៍ និង​បច្ចេកទេស​ខ្ពស់ ដោយ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​កម្រិត​អន្តរជាតិ​ញឹកញាប់ ព្រមទាំង​ជា​ម្ចាស់​មេដាយមាស​កម្រិត​អន្តរជាតិ​ទៀតផង​។​

​កីឡាការិនី អ៊ុន ស្រី​យ៉ា បាន​បញ្ជាក់ថា ការ​ចេញទៅ​លើក​នេះ គឺ​ខ្លួន​បាន​ត្រៀមលក្ខណៈ​បានល្អ ដោយបាន​ហ្វឹកហាត់ និង​សម​ផ្នែក​ប​ច្ចេ​ទេស​ជាមួយ​កីឡាការិនី អ៊ុក ស្រីមុំ ក្នុងការ​សហការ​ប្រកួត​ជា​ក្រុម នៅ​សហរដ្ឋអាមេរិក​នេះ​។

​កីឡាការិនី អ៊ុន ស្រី​យ៉ា បញ្ជាក់ថា ប្រទេស​ជា​ឧបសគ្គ​សម្រាប់​ប៉េតង់​កម្ពុជា មាន​ច​ម្លោះ​ពី​៨ ទៅ​១០​ប្រទេស ដូចជា ថៃ បារាំង ដា​ណា​ម៉ាក​ជាដើម ដែល​តែងតែ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ក្នុង​ព្រឹ​ត្ត​ការណ៍​ធំៗ ដូចជា​ការប្រកួត​កីឡា​ស៊ី​ហ្គេម កម្រិត​អាស៊ី និង​ជើងឯក​ពិភពលោក​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ពិភពលោក ឆ្នាំ​២០២២ ធ្វើ​នៅ Birmingham នៃ​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close