កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ២លានដុល្លារ ជូនដល់អាជ្ញាធរមីន ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីន នៅឆ្នាំ២០២៥
នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាមាតាមនុស្សធម៌ បានប្រគល់ថវិកាចំនួន ២លានដុល្លារ ជូនដល់អាជ្ញាធរមីន ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីន នៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋកំពុងរស់នៅក្នុងសហគមន៍រងផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងក្រុមគ្រួសារវិស័យមីន ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន សូមសម្ដែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មាតាមនុស្សធម៌ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលតែងតែយកចិត្តទុកដាក់ផ្តល់ក្តីសន្តោសប្រណី មេត្តាធម៌ និងការអាណិតអាសូរ ដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
ទីណាមានទុក្ខលំបាកទីនោះ តែងតែមានកាកបាទក្រហមកម្ពុជា។ តាមរយៈវិភាគទានដ៏ថ្លៃថ្លានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាបានផ្តល់ស្នាមញញឹម ដល់ប្រជាជនកម្ពុជារាប់លាននាក់ ឲ្យរួចផុតពីការស្លាប់ ពិការ និងរបួសស្នាមពីគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។