ព្រះពុទ្ធបាទពីថ្មភក់ចំនួន១ និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់
សារមន្ទីរព្រះនរោត្តមសីហនុអង្គរ កំពុងដាក់តាំងពិព័រណ៍ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១ដើម្បីបង្ហាញសាធារណជនឱ្យស្វែងយល់ពីវត្ថុសិល្បៈខ្មែរដ៏សម្បូរបែប បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលវត្ថុបុរាណទាំងនោះឱ្យមានលក្ខណៈល្អស្អាតឡើងវិញរួចមក។ ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នោះ គឺក្រុមអ្នកអភិរក្ស បានយកចេញពីរួតព្រះពាន់នៃប្រាសាទអង្គរវត្ត ទៅរក្សាទុក ហើយជួសជុល ព្រមទាំងថែរក្សានៅកន្លែងអភិរក្សអង្គរ ជាយូរមកហើយ។
នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ប៉ែន ចំរ៉ុងឱ្យដឹងថា កាលដើមឡើយពុទ្ធបដិមាចំនួន៦អង្គ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នេះ ត្រូវបានរក្សាទុក និងជួសជុលដោយក្រុមអភិរក្សអង្គរ។ ក្រោយមក រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បានទៅទស្សនានៅអភិរក្សអង្គរ ឃើញថា ពុទ្ធបដិមាទាំង៦ និងព្រះពុទ្ធបាទនេះបានជួសជុលរួចរាល់ហើយ លោកជំទាវក៏បានណែនាំឱ្យយកវត្ថុទាំងនេះទៅដាក់តាំងបង្ហាញដល់សាធារណជនបានទស្សនា និងសិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ ពិសេសពុទ្ធបដិមាសម័យក្រោយអង្គរ។
លោក ប៉ែន ចំរ៉ុង មានប្រសាសន៍ទៀតថា ដោយមានការយល់ស្របទៅតាមអនុសាសន៍របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សារមន្ទីរនរោត្តមសីហនុអង្គរ ក៏បានសហការជាមួយអភិរក្សអង្គរ ធ្វើការរៀបចំតាំងពិព័រណ៍ពុទ្ធបដិមាចំនួន៦អង្គ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នេះ ចាប់តាំងតែពីអំឡុងខែឧសភា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។ នេះជាលើកទី១ហើយដែលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ទទួលបានបដិមាពីអភិរក្សអង្គរមក ធ្វើការតាំងពិពរណ៍នៅសារមន្ទីរ។
បុគ្គលិកបច្ចេកទេស និងជាមគ្គុទ្ទេសក៍នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា ពុទ្ធបដិមាចំនួន៦នេះ ធ្វើឡើងពីឈើគគីរ ក្នុងទម្រង់កាយវិការ អភ័យមុទ្រៈ មានលាបម្រ័ក្សណ៍ និងបិទមាស នៅព្រះហស្តមានដាំត្បូងរាងមូលដូចកងចក្រ ប្រស្រីភ្នែក និងថ្ងាសមានដាំសំបកគ្រុំធ្វើជាគ្រឿងលម្អជាដើម។ ពុទ្ធបដិមាទាំងអស់នេះ បានកសាងនៅសម័យក្រោយអង្គរ ចន្លោះពីសតវត្សរ៍ទី១៤ដល់ទី១៨នៃគ.ស ហើយពុទ្ធបដិមាភាគច្រើនមានលក្ខណៈស្រដៀងទៅនឹងរចនាបទបាយ័ន។
ដោយឡែក ព្រះពុទ្ធបាទចំនួន១ ជាព្រះពុទ្ធបាទខាងស្តាំ មានកម្ពស់១៣សង់ទីម៉ែត្រ បណ្តោយ២១០សង់ទីម៉ែត្រ ទទឹង១១៥ សង់ទីម៉ែត្រ នៅចំកណ្តាលពុទ្ធបាទ មានកងចក្រ និងឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថាជាសិរីមង្គល និងមានលាបម្រ័ក្សណ៍ ព្រមទាំងទឹបទឹកមាសដែរ។ តាមរយៈរូបថតឯកសារចាស់ៗនៅឆ្នាំ១៩០៦ គេឃើញមានបដិមាទាំងនេះនៅលាយឡំជាមួយបដិមាផ្សេងៗទៀត រួមទាំងព្រះពុទ្ធបាទ នៅរួតព្រះពាន់នៃប្រាសាទអង្គរវត្ត ហើយក៏មិនទាន់មានឯកសារបញ្ជាក់កាលបរិច្ឆេទ យកចេញពីរួតព្រះពាន់ មករក្សាទុកនៅអភិរក្សដ្ឋានអង្គរតាំងពីពេលណានៅឡើយ។
លោក គុន ផល្លី បញ្ជាក់ថាសារមនី្ទរព្រះនរោត្តមសីហនុ-អង្គរ ជាសារមន្ទីរបុរាណវិទ្យា និងព្រះពុទ្ធសាសនាដំបូងគេនៅក្នុងខេត្តសៀមរាប ជាបណ្តុំចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លើកទឹកចិត្ត និងបើកទូលាយដល់សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស អញ្ចើញមកទស្សនា និងសិក្សាឈ្វេងយល់ពីការតាំងពិពរណ៍នេះឱ្យបានកុះករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។