តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ផ្នែកមួយចំនួន នៅខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង
នៅថ្ងៃទី១១ ខែកក្កដា នេះ ក្រសួងធនធានទឹក បានជូនដំណឹងពិស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថាដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជា ផងនោះ បានធ្វើឲ្យ បណ្តាខេត្តនិងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ក្នុងនោះ នៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យ ផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង ។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
អាស័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយកចិត្តទុកដាក់លើបាតុភូតធម្មជាតិហើយនឹងជម្រាបជូនជាព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។