អភិបាលខេត្ត​ព្រះសីហនុ ណែនាំ​ឲ្យ​ផ្អាក​ការធ្វើដំណើរ​ទៅកាន់​លំហ​សមុទ្រ ចាប់ពីពេលនេះ​ដោយសារ​បញ្ហា​អាកាសធាតុ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​អំពី​បញ្ហា​អាកាសធាតុ​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ទៅកាន់​លំហ​សមុទ្រ និង​ប្រជា​នេសាទ​ដែល​កំពុង​ស្ថិតនៅលើ​លំហ​សមុទ្រ​ស្រាប់ ខណៈ​អាកាសធាតុ​នឹង​អាក្រក់​ខ្លាំង ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៤​។​

​តាមរយៈ​សារ​សំឡេង​ណែនាំ​ទៅកាន់​ប្រធាន​អង្គភាព និង​មន្ដ្រី​ពាក់ព័ន្ធ ឯកឧត្តម គួច ចំរើន បាន​ប្រាប់​ឲ្យ​ហាមឃាត់​ការធ្វើដំណើរ​តាម​ទូក​ទៅ​លំហ​សមុទ្រ កោះ​ឆ្នេរ ក្នុង​រយៈពេល​នេះ ព្រោះ​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់ ឬ​ការជាប់គាំង​ណាមួយ ដែល​បង្កដោយ​មហន្ដរាយ​ផ្សេងៗ ហើយ​សូម​ឲ្យ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ផ្ដល់ដំណឹង​ដល់​បងប្អូន​ប្រជា​នេសាទ ដែល​ពេលនេះ ម៉ោង​នេះ ពួកគាត់​កំពុង​ស្ថិតនៅ​លំហ​សមុទ្រ តាម​កោះ​ឆ្នេរ ដើម្បី​ធ្វើ​នេសាទ​។​

​អភិបាលខេត្ត​ព្រះសីហនុ បាន​គូស​បញ្ជាក់ទៀតថា មធ្យោបាយ​សម្រាប់​ផ្ដល់ដំណឹង​ទៅកាន់​ប្រជា​នេសាទ​ដែល​កំពុង​ស្ថិតនៅ​លំហ​សមុទ្រ នាពេលនេះ គឺ​ត្រូវអនុវត្ត​ដូច​កាលពីពេល​កន្លងទៅ ដោយ​ត្រូវ​ជូនដំណឹង​បន្ទាន់​ទៅកាន់​ក្រុមគ្រួសារ នៃ​សហគមន៍​ប្រជា​នេសាទ ហើយ​សូម​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​ចាត់ចែង​ការងារ​នេះ ឲ្យ​បាន​ហ្មត់​ចង់​ដើម្បី​ការពារ​ភាពសុខសាន្ដ​របស់​ប្រជាពលរដ្ឋ ប្រជា​នេសាទ ឬ​អ្នកទេសចរ​។​

​សូមជម្រាបថា ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ដោយ​បញ្ជាក់ថា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​១៤ ខែកក្កដា កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​តំបន់​មាត់សមុទ្រ​ភ្លៀង​ខ្លាំង ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​ក្រសួង​បាន​បញ្ជាក់ថា បន្ទាប់ពី​បានធ្វើ​ការតាមដាន ការវិវត្ត​ស្ថានភាព​អាកាសធាតុ ជា​បន្តបន្ទាប់​បានបង្ហាញ​ឲ្យ​ឃើញថា ដោយ​ទទួលរង​នូវ​ឥទ្ធិពល ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​អូសបន្លាយ​ពី​ប្រទេស​ថៃ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​សកម្ម​មួយ នៅលើ​សមុទ្រ​ចិន​ខាងត្បូង រួមជាមួយ និង​មូសុង​និរតី​បក់​ខ្លាំង មកលើ​តំបន់​មាត់សមុទ្រ និង​ភាគ​ខាងក្រោម​កម្ពុជា​ផង​នោះ បានធ្វើ​ឲ្យ​បណ្តា​ខេត្ត និង​រាជធានី នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ លាយឡំ ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្រសួង​បន្តថា «​ក្នុងនោះ​នៅ​ថ្ងៃទី​១១-១៤ ខែកក្កដា តំបន់​មាត់សមុទ្រ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត ដែល​អាចធ្វើ​ឲ្យ ផ្នែក​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ រវាង​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ជួបប្រទះ​នៅ​ជំនន់​ទឹកភ្លៀង​។ ទន្ទឹម​នោះ​នៅលើ​ផ្ទៃសមុទ្រ​នឹងមាន​ភ្លៀង​ខ្លាំង ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close