ហាមឃាត់​ការចែក​ចាយ ឬ​លក់​ផលិតផល​បំប៉ន​សុខភាព M V R ដែល​គ្មាន​លេខ​បញ្ជិការ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​កម្ពុជា​

​ក្រសួងសុខាភិបាល​សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ យោងតាម​ការពិនិត្យ​ឃើញ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​គណនី​ឈ្មោះ Nary RynaShop បាន​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព M V ក​. គ្មាន​លេខ​ទិដ្ឋាការ ឬ​ប​ញ្ចិ​កា និង​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០២២ ។​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​តម្រូវឱ្យ​រាល់​ការ​ចរាចរ​ឱសថ ឬ​ផលិតផល​ដែលមាន​គុណភាព​ក្នុងការ​បង្ការ ឬ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​ប​ញ្ចិ​កា ពី​ក្រសួងសុខាភិបាល ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​

​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទៀត​នោះ​ក្រសួងសុខាភិបាល​សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ឱសថ​គ្មាន​លេខ​ទិដ្ឋាការ ឬ​ប​ញ្ចិ​កា ពី​ក្រសួងសុខាភិបាល​ខាងលើ​ជា​បន្តទៀត ព្រោះ​ផលិតផល​នេះ​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​មិនអាច​ធានាបាន​នូវ​គុណភាព និង​សុ​វត្តិភាព​បានឡើយ​។​

​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ និង​ជន​ពាក់​ព័​ន្ឋ​ដទៃទៀត ដែល​បាននិងកំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព​M.V R. ទៅតាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close