សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៉ិ​ន​ហ្សូ អា​បេ នៅ​ស្ថានទូត​ជប៉ុន​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ចូលរួម​គោរព​វិញ្ញាណក្ខន្ធ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៉ិ​ន​ហ្សូ អា​បេ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​លោក អា​បេ សិន​ហ្សូ បានទទួល​មរណភាព នៅ​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់ពី​រង​ការបាញ់ប្រហារ​កំឡុង ពេល​ថ្លែង​សុន្ទរកថា​មួយ​ក្នុង​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។​

​ភ្លាមៗ​បន្ទាប់ពី​ទទួលដំណឹង ពី​មរណភាព​របស់ លោក អា​បេ​, សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​បាន​ផ្ញើ​សារ​ជូន​លោក គី​ស៊ី​ដា ហ្វឺ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់ លោក អា​បេ ដែល​ទទួលមរណភាព ក្នុង​វ័យ​៦៧​ឆ្នាំ​។​

​ក្នុង​លិខិត​រំលែក​ទុក្ខ​ផ្ញើជូន លោក គី​ស៊ី​ដា ហ្វឺ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន​, សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់ចិត្ត​យ៉ាងខ្លាំង និង​សោកសៅ​ជា​ពន់ពេក ដែល​ទទួលបាន​ព័ត៌មាន​អំពី​មរណភាព​របស់ ឯកឧត្តម អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដោយសារ​ការធ្វើឃាត​ទាំង​កណ្តាល​ថ្ងៃ​។ តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្ដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ ជូន​ចំពោះ​ឯកឧត្តម និង​តាមរយៈ​ឯកឧត្តម ជូន​ចំពោះ​ក្រុមគ្រួសារ​សព ក៏ដូចជា​ប្រជាជន​ជប៉ុន ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។ សមានចិត្ត និង​ការ​បួងសួង​របស់​យើងខ្ញុំ​ស្ថិតនៅ​ជាមួយ​ឯកឧត្តម និង​ប្រជាជន​ជប៉ុន នៅក្នុង​កាលៈទេសៈ​ដ៏​សោកសង្រេង​នេះ​។​

​ឯកឧត្តម អា បេ ស៊ីន​ហ្សូ ជា​រដ្ឋបុរស​ជប៉ុន​លេចធ្លោ​មួយរូប ដែល​ត្រូវបានគេទទួលស្គាល់ និង​លើកសរសើរ​យ៉ាង​ទូលំទូលាយ​ចំពោះ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​សមត្ថភាព ក្នុងការ​ជំរុញ​វឌ្ឍនភាព​របស់​ជប៉ុន និង​ការចូលរួមចំណែក​យ៉ាងសកម្ម​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល ក្នុងនាម​ជា​មិត្ត​ល្អ​យូរលង់​របស់ខ្ញុំ និង​កម្ពុជា ឯកឧត្តម អា​បេ ស៊ីន​ហ្សូ បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ ក្នុងការ​លើកកម្ពស់​ទំ​នាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​បន្ថែមទៀត នៅក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​របស់​ឯកឧត្តម ក្នុងនោះ​រួមទាំង​ការលើក​កម្រិត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យទៅជា​ដៃគូ​យុទ្ធសាស្ត្រ កាលពី​ឆ្នាំ​២០១៣​។ ឯកឧត្ដម អា​បេ ស៊ីន​ហ្សូ នឹង​នៅតែ​ទទួល​បានការ​នឹករលឹក​យ៉ាងខ្លាំង ហើយ​ស្នាដៃ​របស់គាត់ ក៏​នឹង​ត្រូវបាន​ចងចាំ​ជា​រៀង​ដរាប​»​។​

​ជាមួយគ្នានេះ ដើម្បី​សម្តែង​នូវ​ការដឹងគុណ ចំពោះ​មនោសញ្ចេតនា​ការស្រឡាញ់​ដ៏​ស្មោះត្រង់​របស់លោក អា​បេ ស៊ិន​ហ្សូ​, រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឱ្យមាន​ការ​កាន់​មរណទុក្ខ នៅ​ទូទាំងប្រទេស​មួយថ្ងៃ គឺ​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ដោយ​តម្រូវឱ្យ​មានការ​បង្ហូត​ទង់ជាតិ នៅ​ពាក់កណ្តាល​ដង នៅតាម​សាលារៀន និង​តាម​ក្រសួង ស្ថាប័ន​នានា​របស់​ជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close