​គយកម្ពុជា ទុកពេល​ឱ្យ​ម្ចាស់​ឡាន​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ ទៅ​ចុះបញ្ជី​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២, ហួស​រយៈ​ពេលនេះ ត្រូវ​បង្ក្រាប​និង​រឹបអូស​!

​អនុលោម​តាម​ប្រសាសន៍​និង​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការអនុគ្រោះ​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស ដែល​នៅ​សេសសល់​ចូលមក​បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ​, អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស​ជ្រាប ដូចខាងក្រោម​៖

១. ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ ដែល​បាន​កក់​ប្រាក់​ពន្ធ​និង​អាករ​រួច​តែ​ពុំទាន់​កែ​ចង្កូត អាចមក​ទទួលយក​ប​ង្កា​ន់​ដៃ ពន្ធ​យានយន្ត ដោយមាន​ជម្រើស​ក្នុង​ការកែ​ឬ​មិន​កែ​ចង្កូត ដើម្បី​យកទៅ​ចុះបញ្ជី​ធ្វើ​ផ្លាកលេខ​។​

២. ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ដែល​នៅ​សេសសល់ (​ពុំទាន់​បាន​កក់​ប្រាក់​ពន្ធ​និង​អាករ ត្រូវ​មក​បង់ពន្ធ​និង អាករ ឬ​ប្រកាស​ស្នើសុំ​ចុះបញ្ជី​ជា​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស ដើម្បី​បង់ពន្ធ​និង​អាករ ជា​ក្រោយ ដោយ​មិន​តម្រូវឱ្យ​កែ​ចង្កូត នៅ​អង្គភាព​គយ​និង​រដ្ឋាករ​ដែល​នៅ​ជិត​បំផុត តាម​កាលបរិច្ឆេទ ដូចខាងក្រោម​៖

​ការស្នើសុំ​ចុះបញ្ជី​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស នឹងត្រូវ​ចាប់ផ្តើម​ពី​ពេលនេះ រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​។ ផុត​រយៈ​ពេលនេះ រថយន្ត​ដែល​ខកខាន​មិនបាន ចុះបញ្ជី​នឹងត្រូវ​ចាត់ទុកជា​រថយន្ត​គ្មាន​ស្រាប់​ក្នុងប្រទេស (​ទើប​រត់ពន្ធ​ចូលមក​ថ្មី​) និង​ជា​មុខ​ស​ញ្ញ នៃ​ការបង្ក្រាប​និង​វី​ប​អូស តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន ការបង់ពន្ធ​និង​អាករ នឹងមាន​រយះពេល ៩០​ថ្ងៃ ដោយ​គិត​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​០៨

​ខែតុលា ឆ្នាំ​២០២២​។​

៣. ទន្ទឹមនេះ ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស ក៍​អាចមក​បង់ពន្ធ​និង​អាករ​ចាប់ពី​ពេល នេះ​តទៅ រហូតដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២២ ដោយ​មិន​រង​ការពិន័យ ផងដែរ​។​

​ការអនុវត្ត​គោលការណ៍​អនុគ្រោះ​ខាងលើនេះ មិន​អនុវត្ត​ចំពោះ​រថយន្ត​ដែលមាន​ឆ្នាំ​ម៉ូ​ដែល​ចាប់ពី​ឆ្នាំ​២០២១ ឡើង​ឡើយ ដែលជា​កម្មវត្ថុ​នៃ​ការបង់​ពន្ធអាករ និង​ទទួលរង​ពិន័យ តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ អាស្រ័យហេតុនេះ សូម​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ទាំងអស់​រួសរាន់​មក​ចុះបញ្ជី​និង​បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ ឱ្យបាន​ទាន់​តាម​កាលបរិច្ឆេទ​កំណត់​ដូចខាងលើ ជា​កំហិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close