យប់មិញបាក់ដី ធ្លាក់គ្របជិតកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង ធ្វើឱ្យស្ទះការធ្វើដំណើរឆ្លងកាត់ភ្នំ១៥០០
(ពោធិសាត់) ៖ អាជ្ញាធរស្រុកវាលវែង បានឲ្យដឹងថា ការធ្វើដំណើរឆ្លងកាត់ភ្នំ ១៥០០ លើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៤១និង១៤២ បានត្រូវផ្អាកបណ្ដោះអាសន្ន នៅវេលាម៉ោង ៨ យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដោយសារតែមានដីភ្នំ បាក់ធ្លាក់គ្របជិតលើផ្លូវ ត្រង់ចំណុចនោះក្នុងអំឡុងពេល ភ្លៀងបានកំពុងធ្លាក់ខ្លាំង។
ផ្លូវនេះ ជាច្រកចេញចូលព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ហើយខណ:ពេលនេះ ភ្លៀងបានកំពុងធ្លាក់ខ្លាំង ហើយរថយន្តគ្រប់ប្រភេទ ត្រូវបានជាប់គាំង មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ សូមមេត្តាជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្ន។
យ៉ាងណាក៏ដោយ អាជ្ញាធរស្រុកវាលវែងបានបញ្ជាក់ថា ពេលនេះរដ្ឋបាលស្រុក និងកម្លាំងមានសមត្ថកិច្ច កំពុងធ្វើសកម្មភាព យកគ្រឿងចក្រឈូសឆាយទាំងយប់ បើទោះបី ភ្លៀងបន្តធ្លាក់ខ្លាំង យ៉ាងណាក៏ដោយ គឺត្រូវធ្វើឱ្យបាន ដើម្បីសម្រួលការធ្វើចរាចរណ៍ ទៅមករបស់បងប្អូនប្រជាពលរដ្ឋ ឱ្យដំណើរការឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។