វៀតណាម នឹងត្រូវវាយប្រហារដោយព្យុះត្រូពិកមួយទៀត បន្ទាប់ពីរងគ្រោះពីព្យុះ Yagi
ព្យុះត្រូពិកមួយត្រូវបានព្យាករថានឹងវាយប្រហារលើភាគកណ្ដាលប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងដែលអាចនឹងបង្កជា គ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ បន្ទាប់ពីតំបន់ភាគខាងជើងរងការវាយប្រហារដោយព្យុះ Yagi។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ព្យុះត្រូពិកខាងលើដែលត្រូវបានហៅថាព្យុះលេខ ៤ ឬ Storm No.4 នៅក្នុងប្រទេសវៀតណាម ត្រូវបានអាជ្ញាធរឧតុនិយមវៀតណាមព្យាករថានឹងវាយប្រហារលើតំបន់ឆ្នេរចាប់ពីខេត្ត Quang Tri រហូតដល់ខេត្ត Quang Nam នៅល្ងាចថ្ងៃពុធនេះ ជាមួយល្បឿនខ្យល់ ១០២គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ថា វៀតណាម ទើបតែរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះសង្ឃរា Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៤នេះ។ ព្យុះនេះវាយប្រហារលើភាគខាងជើងវៀតណាម កាលពីជិត២សប្ដាហ៍មុន ដោយសម្លាប់មនុស្សជាង ២៩០នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ ១.៦ពាន់លានដុល្លារ។ ព្យុះ No.4 អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាមួយកម្រិតទឹកភ្លៀងចន្លោះ ពី ១០០ ទៅ ៣០០មីលីម៉ែត្រ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃសុក្រ នៅភាគខាងកណ្ដាលវៀតណាម ក្នុងនោះរួមមានទាំងតំបន់ទេសចរណ៍ Danang ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។