ស្លាប់កើនដល់ ៣២១នាក់ ក្នុងការវាយប្រហារភេរវកម្មនៅស្រីលង្កា
ដោយសារតែមានអ្នករងរបួសធ្ងន់ជាច្រើន ទើបអ្នកស្លាប់ដោយការវាយប្រហារភេរវកម្ម បង្កឡើងដោយក្រុម IS បន្តកើនឡើង ដោយមកទលពេលនេះមានអ្នកស្លាប់កើនដល់៣២១នាក់ហើយ។
មន្ត្រីសុខាភិបាលស្រីលង្កាបានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី២១ខែមេសាបន្តកើនឡើង ដោយសារតែមានអ្នករងរបួសធ្ងន់ជាច្រើនស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ។ នៅពេលនេះមានអ្នកស្លាប់កើនឡើងដល់ទៅ៣២១នាក់ហើយ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលស្រីលង្កាបានសម្រេចកាន់ទុក្ខទូទាំងប្រទេសកាលពីថ្ងៃទី២៣ខែមេសា។ ក្រៅពីអ្នកស្លាប់នៅមាន មនុស្សប្រមាណ៥០០នាក់រងរបួស ហើយអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត ។ មន្ត្រីស្រីលង្កាបានផ្សាយថា យ៉ាងហោចណាសមានភេរវករអត្តឃាត៧នាក់ បើកការវាយប្រហារទៅលើព្រះវិហារ ៣កន្លែងនិងសណ្ឋាគា ៤កន្លែង នៅក្នុងប្រទេសនេះ។
ក្នុងថ្ងៃជាមួយគ្នានេះ ប៉ូលិសស្រីលង្កា បានប្រកាសឲ្យដឹងផងដែរថា ចាប់បានជនសង្ស័យ៤០នាក់ ក្នុងនោះមានម្នាក់ជាជនជាតិស៊ីរី ក្រៅពីនេះជាជនជាតិស្រីលង្កា។ សារព័ត៌មាន AFP បានដកស្រងសម្តីរដ្ឋមន្ត្រីការពារជាតិលោក Ruwan Wijewardene បានប្រកាសឲ្យដឹងថា ការវាយប្រហារខាងលើ គឺជាការសងសឹក ទៅលើការវាយប្រហារភេរវកម្មនៅក្នុងព្រះវិហារអ៊ីស្លាមនៅទីក្រុង Christchurch ប្រទេសនូវេសាឡង់កាលពីខែមីនាកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។