កម្ពុជា​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​ជាលើកដំបូង​ ​នា​ដើមឆ្នាំ២០២០​

​ក្រសួងទេសចរណ៍​ ​និង​ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សហការ​ជាមួយ​ ​ស្ថាប័ន​ជំនាញ​អន្ដរ​ជាតិ​ ​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​លើក​ទី១​ ​នា​ ​ដើមឆ្នាំ២០២០ខាងមុខ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ ​ទៅ​នេះ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​លោក​ ​វ៉ាត់​ ​ចំរើន​ ​អគ្គលេខាធិការ​ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​ ​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​លើក​ទី១នេះ​ ​បាន​កំណត់​យក​ថ្ងៃទី០៤ដល់​ថ្ងៃទី០៦​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ដើម្បី​រៀបចំ​នៅ​តាម​តំបន់ឆ្នេរ​ខេត្ត​ទាំង៤របស់​កម្ពុជា​ ​មាន​ខេត្តកោះកុង​ ​ខេត្តកំពត​ ​ខេត្ត​កែប​ ​និង​ខេត្ត​ព្រះសីហនុ​។​

​លោក​ថា​ ​នេះ​គឺជា​ការប្រកួត​លក្ខណៈ​ជំនាញ​ ​ដែល​នឹង​មាន​កីឡាករ​-​កីឡាការិនី​អាជីព​លើ​ពិភព​ ​លោក​ជាង១០០នាក់​ ​មក​ពី​ជិត២០ប្រទេស​ចូលរួម​ ​ដោយ​កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​លើ​វិស័យ​ទេសចរណ៍​ ​វិស័យ​កីឡា​ជិះកង់​កម្ពុជា​ ​និង​ទទួល​បាន​នូវ​បទពិសោធន៍​ដ៏​ល្អ​ ​ដើម្បី​ត្រៀម​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ ​លើក​ទី៣២​ ​នា​ឆ្នាំ២០២៣​ ​ខាងមុខ​។​

​អគ្គលេខាធិការ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ​ព្រឹត្តិ​ការណ៍​នេះ​ ​គឺជា​ព្រឹត្តិ​ការណ៍​មួយ​ ​ដែល​លើ​ពិភពលោក​នេះ​ ​គេ​ធ្វើជា​ឧបករណ៍​ក្នុង​ការ​ទាក់ទាញ​ទេសចរ​សម័យថ្មី​ ​ដែល​អាច​ទាក់ទាញ​ទេសចរ​ពី១០ទៅ២០ភាគរយ​ ​តាមរយៈ​អ្នកចូលចិត្ត​ ​វិស័យ​កីឡា​។​ ​ដូច្នេះ​យើង​ត្រៀម​រៀបចំ​នឹង​មានការ​ចូលរួម​ពី​កីឡាករ​-​ការិនី​អាជីព​លើ​ពិភពលោក​ជាង១០០នាក់​ ​ហើយក៏​មានការ​ ​ចូលរួម​ពី​ក្រុមកីឡា​ករ​ជំនាញ​កម្ពុជា​ដែរ​។​

​បើ​តាម​ ​លោក​ ​នី​ ​ផល្លី​ ​អគ្គលេខាធិការ​រង​ ​អគ្គលេខាធិការ​ដ្ឋាន​គណៈកម្មាធិការ​ជាតិ​ ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​លើកឡើង​ដែរ​ថា​ ​ការប្រកួត​នេះ​មាន​ចម្ងាយផ្លូវ​ប្រមាណ៥០០គីឡូម៉ែត្រ​ ​ហើយ​ចែកចេញជា៣ដំណាក់កាល​ ​ប្រណាំង​នៅ​ថ្ងៃទី០៤​ ​ចេញដំណើរ​ពី​តារា​សាគរ​ដល់ទី​រួម​ខេត្តកោះកុង​។​ ​ដំណាក់កាល​ ​ទី២​ ​ប្រណាំង​ថ្ងៃទី០៥​ ​ចេញដំណើរ​ពី​រង្វង់​មូល​សាយ​ភូ​ថង​ ​ខេត្តកោះកុង​ ​ដល់​ភ្នំបូកគោ​ ​និង​ដំណាក់កាល​ទី៣​ ​ប្រណាំង​ថ្ងៃទី៦​ ​ចេញដំណើរ​ពីសា​លា​ខេត្ត​កែប​ ​ដល់​រង្វង់​មូល​តោ​ពីរ​ ​ខេត្ត​ព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close