ស្នងការនគរបាល​ខេត្ត​កំពង់ធំ កំពុង​​ផ្ទុះ​រឿង​អាស្រូវត្រីឆ្តោរស៊ីកូនឯង

នគរបាល​នារីជាច្រើននាក់​ដាក់ពាក្យ​បណ្តឹង​សុំអន្តរាគមន៍ពីសម្តេច​ក្រឡាហោម

ក្រុម​មន្រ្តី​នគរបាល​នារី នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ធំ កាលពីពេលថ្មីៗនេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ឲ្យ​ជួយ​រកយុត្តិធម៌ ក្រោយ​ពី​លោកឧត្តម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការនគរបាល​ខេត្ត​កំពង់ធំ បាន​ប្រព្រឹត្ត​អំពើ​ពុំ​គប្បី​មក​លើ​ពួក​គេ។

ក្នុងលិខិត​នោះ​បាន​លើក​ឡើងថា នៅ​អំឡុងឆ្នាំ​២០១៨-២០១៩ ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​ទោ អ៊ុក កុសល ដែលជា​ស្នងការ​បាន​ហៅ​ទៅជួបក្នុង​បន្ទប់, ហើយពេល​ចូល​ដល់​ក្នុង​បន្ទប់​តែពីរនាក់ លោក​ស្នងការក៏​បាន​សួរនាំថា «ពាក់ស័ក្តិប៉ុន្មាន? ហើយ​មុខ​តំណែងជាអ្វីសព្វថ្ងៃ? ហើយ​ចង់​បាន​មុខ​តំណែង ឬឡើងស័ក្តិអត់? បើ​ចង់បាន​ចាំ​បងជួយ ព្រោះ​បងជាស្នងការ ជា​ប្រធាន​អង្គភាព ចង់ធ្វើអ្វីក៏​បាន​ដែរ ឲ្យ​តែ​អូន​ព្រម​ស្រឡាញ់បង ម្យ៉ាងទៀត​បើ​អូនព្រម​ស្រឡាញ់បង កុំ​បារម្ភ​ខ្លាច​មាន​កូនអី ព្រោះទឹកកាមបងគ្មាន​មេជីវិត​បង្ក​កំណើត​ទេ» ។ ការពោលពាក្យ​ទាំងនេះ បានធ្វើ​ឲ្យ​មន្រ្តីនគរបាល​ជា​នារីហួស​ចិត្តនឹក​ស្មាន​ថា គាត់ហ៊ាន​និយាយ​ពាក្យ​សម្តីបែបនេះ​មក​លើ​កូនចៅ​ជានារី​ភេទ​នោះទេ ហើយនគរបាល​ជា​នារី​ខ្លះ​មាន​ទាំង​ប្តី ទាំង​កូន​ទៀត​ផង។

ក្រៅពី​ប្រើ​ពាក្យ​សម្តីលួងលោមហើយ លោកស្នងការរូបនេះ ក៏​បាន​ចាប់បង្ខំ ស្ទាប​អង្អែល​កេរ្តិ៍​ខ្មាស់​ដោយ​មិន​ញញើត ទោះ​បីពេលខ្លះ​ពួក​នាងខំរើបម្រះ ឬ​ចង់ស្រែក​ប្រាប់​គេ​ឯង​ក៏​មិន​ហ៊ាន ព្រោះ​ខ្លាច​អំណាច​លោក​ស្នងការ ម្យ៉ាង​ទៀត​គាត់​បាន​គំរាមមិន​ឲ្យ​ប្រាប់​រឿង​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ឲ្យ​អ្នក​ណា​ដឹង​ទេ បើ​ហ៊ាន​គឺមាន​បញ្ហា​ហើយ។

ក្រៅពី​ប្រព្រឹត្ត​អំពើដែល​សង្គម​ស្អប់ខ្ពើម នូវ​ពាក្យ «ត្រីឆ្តោរស៊ីកូនឯង» លោក អ៊ុក កុសល ក៏​បាន​ដឹកនាំ​បង្កើត​បក្ខ​ពួក ខ្សែ​ស្រឡាយ​ពុករលួយ និងអុចអាល​ឲ្យ​មាន​ការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ទាំង​ថ្នាក់ដឹកនាំ​ស្នងការ ក៏​ដូចជា​មន្រ្តីក្រោម​ឱវាទដែលមិន​អាច​ស្តារ​កិត្តិយស​បាន​ឡើយ។

ចំពោះ​ករណីនេះ លោកឧត្តមសេនីយ៍​ទោ អ៊ុក កុសល យើង​មិន​អាច​សុំ​ការ​បំភ្លឺបាន​ឡើយ ដោយ​ទូរ​ស័ព្ទរបស់​លោកពុំ​មាន​អ្នក​ទទួល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close