សម្ដេច​ក្រឡាហោម ចុះ​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តព្រៃវែង​

​ខេត្តព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះសួរសុខទុក្ខ ចែក​ស្រូវពូជ និង​អំណោយ​មួយចំនួនទៀត​ជូន​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​ក្នុង​ជីវភាព​ក្រោយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង រៀបចំ​នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

​ជាការ​កិច្ច​ចាប់ផ្ដើម លោក សួន ម៉ា​លីន អភិបាល​ស្ដីទី​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង បានធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​គណៈអធិបតី​ថា ខេត្តព្រៃវែង បាន​ជួបប្រទះ​នូវ​ទឹកជំនន់​ទឹកភ្លៀង ចាប់ពី​ដើមខែ​តុលា​ឆ្នាំ​២០២០ ដែល​បានធ្វើឱ្យ​ខូចខាត​ផ្លូវ​ដែល​សាងសង់​ដោយ​មូលនិធិ​ឃុំ​សរុប​ជាង​៧​ម៉ឺន​៧​ពាន់​ម៉ែត្រ​, ទំនប់​ប្រឡាយ​១៥០​ម៉ែត្រ​, ប្រព័ន្ធ​លូ​៦៥​កន្លែង និង​បាន​ប៉ះពាល់​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ចំនួន​៧​ក្រុង​ស្រុក​។​

​លោក​បន្តថា ផល​ស្រូវ​ដែល​ប៉ះពាល់​សរុប​មាន​៥,៦៦៨​ហិកតា ខូចខាត​ចំនួន ៣,៥០០​ហិកតា ស្មើនឹង ៣,៥០០​គ្រួសារ ក្នុងនោះ​ស្រុក​បាភ្នំ​ចំនួន​៦២៦​ហិកតា​, ស្រុក​កំពង់ត្របែក​ចំនួន ៧៣៦​ហិកតា​, ស្រុក​មេសាង​ចំនួន​៣៧៦​ហិកតា​,​ស្រុក​ពាម​រក៍​ចំនួន​៤៦៥​ហិកតា​, ស្រុក​ព្រះស្តេច​ចំនួន​៥៧៦​ហិកតា​, ក្រុង​ព្រៃវែង​ចំនួន​៣៦០​ហិកតា និង​ស្រុក​ពោធិ៍​រៀង​ចំនួន ៣៦១​ហិកតា​។​

​ក្នុងឱកាស​នោះដែរ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា ការងារ​ផ្ដល់ជំនួយ ពិសេស​ពូជស្រូវ ពូជ​បន្លែ​ជូន​ពលរដ្ឋ​នាពេលនេះ គឺជា​ជំហាន​បន្ទាប់ ក្រោយពី​រាជរដ្ឋាភិបាល បាន​ដឹកនាំ​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​ទឹកជំនន់ ដែល​ទន្ទឹមគ្នា​នឹង​ការជួយ​សង្គ្រោះ​នាពេល​កន្លងមក​នោះ បងប្អូន​ប្រជាពលរដ្ឋ​ពិតជា​បាន​ជ្រាប​ហើយ​ថា​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​បានផ្ដល់​ជំនួយ​សង្គ្រោះបន្ទាន់​ជា​បន្តបន្ទាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​គ្រា​ដ៏​លំបាក​នោះ​។​

​សម្ដេច បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ខេត្តព្រៃវែង ជា​ខេត្ត​លេខ​១ លើ​ខេត្តបាត់ដំបង ដែលមាន​ការបង្កបង្កើន​ផល​ស្រូវ​បាន​ច្រើន​។ សម្ដេច​បាន​បន្ថែមថា ការធ្វើ​ស្រូវ​បាន​ច្រើន​នេះ ក៏​ដោយសារ​ប្រជាពលរដ្ឋ​ជា​ប្រជាកសិករ​មានឱកាស​ធ្វើស្រែ​បាន​២ ទៅ​៣​ដង​ក្នុង​មួយឆ្នាំ អាស្រ័យ​ដោយមាន​ប្រព័ន្ធធារាសាស្ត្រ និង​មាន​មធ្យោបាយ​ធ្វើស្រែ​ទំនើប រួម​ផ្សុំ​នឹង​ការ​មាន​ទីផ្សារ​ល្អ​សមរម្យ​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​នាឱកាស​នេះ រួមមាន​ស្រូវពូជ​១០០​គីឡូក្រាម​, គ្រាប់ពូជ​បន្លែ​៤​មុខ មាន​ស្ពែ​ពីរ​មុខ ត្រប់ និង​ត្រកួន ព្រមទាំង​ឃី​ត​មួយកញ្ចប់ មាន​សម្ភារៈប្រើប្រាស់ និង​គ្រឿង​បរិភោគ រួមទាំង​ថវិកា​មួយចំនួនទៀត​ដែរ​។ បន្ទាប់ពី​បញ្ចប់​ពិធី​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​នៅទីនេះ សម្ដេច​បាន​បន្ត​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដូចគ្នានេះ​ជូន​ពលរដ្ឋ​ដែល​រៀបចំ​នៅ​សាលាខេត្ត​ព្រៃវែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close