ឆ្នាំ​២០២០ កម្ពុជា នៅតែ​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​

​ភ្នំពេញ​៖ ឆ្នាំ​២០២០ ប្រទេស​កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត សម្រាប់​មក​ទស្សនា និង​រស់នៅ ដោយមាន​ស្ថាប័ន និង​ក្រុមហ៊ុន​អន្តរជាតិ​មួយចំនួន បានធ្វើ​ការបង្ហាញ ដូចតទៅ​៖

​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ ក្រុមហ៊ុន My International Movers ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​អង់គ្លេស អាមេរិក និង អូស្ត្រាលី បាន​ចុះផ្សាយ​ពី​ប្រទេស​រួសរាយ​បំផុត​ទាំង ១០ សម្រាប់​មក​ទស្សនា និង​រស់នៅ​ទូទាំង​ពិភពលោក (Top 10 Friendliest Countries in the World to Move To)​។ ទិន្នន័យ​ដែល​ក្រុមហ៊ុន​ទទួល​ពី​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​គោលដៅ​ដ៏​ល្អ​បំផុត ដោយមាន​ប្រជាជន​រួសរាយ​រាក់ទាក់ និង​ដំណើរ​កម្សាន្ត​ដែលមាន​តម្លៃ​សមរម្យ​។​

​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ គេហទំព័រ OUTRAGE Travel បាន​ចុះផ្សាយ​អំពី​ប្រទេស​ដ៏​មាន​សុវត្ថិភាព​បំផុត​ទាំង​៥ សម្រាប់​មក​ទស្សនា​នៅក្នុង​តំបន់​អាស៊ី (Five of the safest places to visit in Asia) ដោយ​កម្ពុជា​ត្រូវបាន​ជាប់​ជា​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត និង​បង្ហាញថា​ជា​ប្រទេស​ដែលមាន​វប្បធម៌ ព្រមទាំង​បុរាណ​ស្ថាន​បែប​សាសនា​ដ៏​សម្បូរបែប​។​

​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០ កម្ពុជា​ក៏ត្រូវ​បានជ្រើសរើស​ជា​ជ័យលាភី​ពានរង្វាន់​ទេសចរណ៍​អន្តរជាតិ​ប្រចាំឆ្នាំ​២០២០ (International Travel Award 2020) ដោយ​សមាគម​អ្នកនិពន្ធ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (Pacific Area Travel Writers Association) ដែលមាន​ស្នាក់ការ​នៅ​ប្រទេស​ឥណ្ឌា ដោយបាន​ចាត់ទុក “​កម្ពុជា​៖ គោលដៅ​ដ៏​ល្អ​បំផុត​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​” (Cambodia-Best Destination for Heritage)​។​

​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ក្រុមហ៊ុន​អន្តរជាតិ Big 7 Travel បាន​ចុះផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​សម្រាប់​ការសម្រាកលំហែ​ចំនួន ៧ កន្លែង លើ​ពិភពលោក (The 7 Most Relaxing Locations In The World) ដោយ​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ជា​កន្លែង​មួយ​ក្នុងនោះ​ផងដែរ​។ បើ​យោងតាម​ព័ត៌មាន​របស់​វេ​ប​សាយ Big 7 Travel បាន​បង្ហាញថា សៀមរាប​ជាទី​ក្រុង​ស្ងប់ស្ងាត់​ដ៏​សែន​មនោ​រម្យ ដោយមាន​រមណីយដ្ឋាន និង​ប្រាសាទ​ដ៏​ទាក់ទាញ​ជាច្រើន​កន្លែង ជាពិសេស​ប្រាសាទអង្គរវត្ត​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ​អំពី​វិធាន​សុវត្ថិភាព​ស្ដីពី​ការធ្វើដំណើរ និង​ទេសចរណ៍ ហើយ​ក្រសួង​ក៏បាន​នឹង​កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​ដើម្បី​ស្តារឡើងវិញ​វិស័យ​ទេសចរណ៍ ឆ្នាំ​២០២១- ២០២៥ ផងដែរ ។​

​ការ​ផ្តល់នូវ​ចំណាត់ថ្នាក់​ទាំងនេះ បានបង្ហាញ​អំពី​សុខសន្តិភាព ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជាពិសេស ភាពរឹងមាំ​នៃ​ប្រព័ន្ធ​សុខាភិបាល និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ក្នុងការ​ទប់ស្កាត់ គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ ព្រមទាំង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ទាក់ទាញ​អ្នកទេសចរ និង​វិនិយោគិន​អន្តរជាតិ​ឱ្យមក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា កាន់តែ​ច្រើនឡើង​ថែមទៀត ក្នុង និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close