ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣នាក់ ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ដែលមិនមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ខែវិច្ឆិកា» នោះឡើយ។
អ្នកដំណើរមកពីក្រៅប្រទេស ដែលរកឃើញឆ្លងកូវីដ១៩ ទាំង៣នាក់នេះ រួមមាន៖
១៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ។
២៖ បុរសជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តកណ្ដាល ធ្វើដំណើរមកពីប្រទេសជប៉ុន បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។
៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ដោយឡែកសម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» វិញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានយកវត្ថុសំណាកពីអ្នកពាក់ព័ន្ធបានចំនួន ២,០៥២នាក់ បន្ថែមទៀត។ បើគិតទាំងចំនួនដែលនៅសល់ពីថ្ងៃមុនៗ ដែលត្រូវយកមកវិភាគ នៅថ្ងៃជាបន្តបន្ទាប់នោះ គឺមានវត្ថុសំណាកសរុបចំនួន ៣,៩៩៨នាក់ ដែលនៅក្នុងចំនួននេះ វត្ថុសំណាកចំនួន ២,៩១៧ នាក់ បានធ្វើវិភាគនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដោយបានផ្តល់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រឹមម៉ោង២៣៖៣០នាទី យប់នៃថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។
បើគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០នេះ វត្ថុសំណាកចំនួន ៧,១៣១នាក់ ត្រូវបានធ្វើវិភាគរួចហើយ ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧នាក់ (ចំនួននេះបានរាយការណ៍ ជូនសាធារណជនរួចហើយ) ដែលកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ ដូច្នេះ វត្ថុសំណាកនៅសល់ចំនួន ១,០៨១នាក់ទៀត នឹងត្រូវបន្តធ្វើវិភាគនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយវិធ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុប ទាំងអស់បានចំនួន ៨,២១២នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៩នាក់ (ស្រី ៧៤នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។