ផ្សារ​ទំនើប AEON I បើក​ដំណើរ​ឡើងវិញ ចាប់ពី​ថ្ងៃទី​០២ ខែធ្នូ​នេះ​តទៅ​

​ភ្នំពេញ​៖ យោងតាម​គោលការណ៍​ឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានសម្រេច​អនុញ្ញាត​ឲ្យ​ផ្សារ​ទំនើប AEON I បើក​ឡើងវិញ ចាប់ពី​ថ្ងៃទី​០២ ខែធ្នូ​នេះ​តទៅ ក្រោយ​ពិនិត្យ​សំណាក​មនុស្ស ៣ ២០១​នាក់​អវិជ្ជមាន​កូ​វីដ​១៩​ទាំងអស់​។​

​លោកស្រី យក់ សម្បត្តិ បាន​បន្ថែមថា ការអនុញ្ញាត​បើក​ដំណើរការ​ផ្សារ​ទំនើប AEON I ឡើងវិញ ក្រោយ​បាន​បិទ​បណ្តោះអាសន្ន​រយៈពេល​៣​ថ្ងៃ ក្រសួងសុខាភិបាល​ក៏បាន​ពិភាក្សា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​មានការ​ស្នើសុំ​ពី​ម្ចាស់​ផ្សារ​ទំនើប​អ៉ី​អន តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្រសួង​គោរព​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន សុំ​គោលការណ៍​បើក​ដំណើរ​ឡើងវិញ ដើម្បី​ជា​ផ្តល់ឱកាស​ឲ្យ​អាជីវករ​ទាំងអស់ អាច​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ដោយ​អនុវត្តតាម​វិធាន​សុខាភិបាល​ជា​កំហិត ចាប់ពី​ថ្ងៃទី​០២ ខែធ្នូ​នេះ​តទៅ​។​

​សូម​ជំរាប​ថា កាល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​ផ្សារ​អ៉ី​អន​១ ជា​បណ្តោះអាសន្ន ក្រោយពេល​រកឃើញ​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ លើ​ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​រូបគាត់​បាន​ចូលទៅ​កាន់​ផ្សារ​នេះ​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់​មួយចំនួន​៕

​ប្រភពពី​៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close