អាមេរិក នឹង​ប្រើប្រាស់​វ៉ាក់សាំង​ឆាប់ៗ ខណៈ​មនុស្ស​ជាង​១៨​ម៉ឺន​នាក់ ឆ្លង​កូ​វីដ​-១៩ និង​ស្លាប់ ២,៦១១​នាក់​

​អាមេរិក នឹង​ប្រើប្រាស់​វ៉ាក់សាំង ជាបន្ទាន់​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន ។​តាម​ការដក ស្រង់​ទិន្នន័យ​ពី​គេហទំព័រ Worldometer នា​ព្រឹក​ថ្ងៃ​ពុធ ទី​០២ ខែធ្នូ ឆ្នាំ​២០២០ បាន​ផ្សាយ​ថា សហរដ្ឋអាមេរិក​ទើប​រកឃើញ​ករណី​ឆ្លង COVID-19 រហូតដល់​ទៅ ១៨២,១៧២​ករណី​ថ្មីៗ​តែ​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ​ប៉ុណ្ណោះ ខណៈ​អ្នកជំងឺ ២,៦១១​នាក់​ទៀត បាន​បាត់​បង់ជីវិត ដែល​នេះ​នៅតែ​ជា​អត្រា​ឆ្លង និង​ស្លាប់​ខ្ពស់បំផុត​ដដែល បើ​ធៀប​នឹង​ប្រទេស​ផ្សេងៗ​ទៀត នៅលើ​ពិភពលោក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់​ជាង ១៤,១០៨,៤៩០​ករណី ក្នុងនោះ​អ្នកស្លាប់​សរុប​មាន ២៧៦,៩៧៦​នាក់ និង​ជាសះស្បើយ​ឡើងវិញ​ចំនួន​ជាង ៨,៣៣៣,០១៨​នាក់​។ ចំពោះមុខ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង និង​បុណ្យ​ណូអែល ខិតជិត​មកដល់ ក្រុម​អ្នកជំនាញ​បាន​រំពឹង​ទុកជាមុន​ថា អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​សកល​នេះ នឹង​កើនឡើង​ខ្លាំង​បន្ថែមទៀត​។​

គួរ​បញ្ជាក់ថា លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​ជាប់ឆ្នោត​របស់​អាមេរិក នឹង​ចាប់ផ្តើម​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង COVID-19 ទៅតាម​គោលនយោបាយ​របស់លោក បន្ទាប់ពី​ការស្បថ​ឡើងកាន់តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​។ បន្ថែម​ពីនេះ​ការអនុម័ត​ឲ្យ​ចាក់​វ៉ាក់សាំង COVID-19 បន្ទាន់​អាច​នឹងត្រូវ​ធ្វើឡើង នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ទៀត​នេះ ដោយ​រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក លោក អេ​ឡិច អា​ហ្សា​រ (Alex Azar) បាន​បញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន Moderna អាច​នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់ នៅមុន​ថ្ងៃបុណ្យ​ណូអែល​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close