អភិបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​ជួល និង​ផ្ដល់​សេវា​ផ្សេងៗ កុំ​កាត់លុយ ឬ​យក​លេស​ទាមទារ​សំណង​ពី​ម្ចាស់​កម្មវិធី ត្រូវ​ពន្យារពេល​ដោយសារ​កូ​វីដ​១៩

ភ្នំពេញ​៖ អនុវត្តតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​រៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ និង​កម្មវិធី​ជួបជុំ​ផ្សេងៗ​បានសម្រេច លើក​ពេល ឬ​រំសាយ​កម្មវិធី ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា នៅ រាជធានី​ភ្នំពេញ​។​

ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​កម្មវិធី​ទាំងអស់ ដែល​បាន​គោរព និង​អនុវត្ត យ៉ាង​ខ្ជាប់​ខ្លួន​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​-​លោកស្រី ជា​ម្ចាស់​មជ្ឈមណ្ឌល​អគារ ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់ ម្ចាស់​សម្អាងការ ម្ចាស់​អាជីវកម្ម​ចុងភៅ ម្ចាស់​អាជីវកម្ម​លក់ ភេសជ្ជៈ ផ្កា និង​សម្ភារ​នានា ក៏​ដូច​ក្រុមហ៊ុន ឬ​អាជីវករ​ដែល​ផ្តល់​សេវាកម្ម​ផ្សេងៗ​ដល់​ការរៀបចំ​កម្មវិធី​ទាំងអស់ សូមមេត្តា​យោគយល់​អធ្យាស្រ័យ និង​សូមកុំ​កាត់លុយ ឬ​យក​លេស​ទាមទារ​សំណង​នៃ​ការខាតបង់​ពី​ម្ចាស់​កម្មវិធី ដែល​បាន​កក់​ប្រាក់ ព្រមទាំង​ជៀសវាង​ការយក​ឱកាស​នេះ ដើម្បី​កេងចំណេញ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាល​នៃ​មេរោគ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ក្តីសង្ឃឹម​ទុកជាមុន​ថា​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ជា​ម្ចាស់​មជ្ឈមណ្ឌល​អគារ ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់ ម្ចាស់​សម្អាងការ ម្ចាស់ អាជីវកម្ម​ចុងភៅ ម្ចាស់​អាជីវកម្ម​លក់​ភេសជ្ជៈ ផ្កា និង​សម្ភារ​នានា ក៏​ដូច​ក្រុមហ៊ុន ឬ​អាជីវករ​ដែល​ផ្តល់​សេវាកម្ម​ផ្សេងៗ ដល់​ការរៀបចំ​កម្មវិធី​ទាំងអស់​នឹងចូលរួមរ​នុ​វត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តីអំពាវនាវ​នេះ ដោយ​ស្មារតី​យោគយល់​អធ្យាស្រ័យ ខ្ពស់ និង​ឈរលើ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ជាក់​ជាមិនខាន​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close