តម្លៃស្រូវនៅខេត្តសៀមរាប ឆ្នាំ២០២០នេះ ល្អជាងឆ្នាំមុនបន្តិចបន្តួច
ខេត្តសៀមរាប៖ តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា តម្លៃស្រូវ ដូចជាប្រភេទស្រូវសែនក្រអូប និងស្រូវផ្ការំដួល ដែលកសិករលក់ស្រូវសើមក្រោយពីច្រូតកាត់ភ្លាមៗ បានក្នុងតម្លៃ ពី១.០០០រៀល ដល់ ១.១៥០រៀលក្នុងមួយគីឡូក្រាម ខណៈស្រូវចម្រុះហើយសើម លក់បានក្នុងតម្លៃពី៨៥០ ទៅ ៩៥០រៀល ក្នុងមួយគីឡូក្រាម ដូច្នេះតម្លៃនេះ គឺជាតម្លៃមួយដែលកសិករអាចទទួលយកបាន បើទោះជាស្ថិតក្នុងកម្រឹតមិនលើសខ្ពស់ជាងឆ្នាំមុនក៏ដោយ។
របាយការណ៍បានបញ្ជាក់បន្ថែមថា ការងារបង្កបង្កើនផលស្រូវក្នុងឆ្នាំនេះ សម្រេចបានលើផ្ទៃដីសរុបជិត ១៩១ពាន់ហិកតា ហើយគិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ការប្រមូលផលស្រូវសម្រេចបានសរុប ចំនួនជាង១៤៣ពាន់ហិកតា ក្នុងនោះស្រូវស្រាលបានជាង ៤ម៉ឺនហិកតា ស្រូវកណ្តាលច្រូតកាត់បានជាង១០ម៉ឺនហិកតា និងស្រូវចំការប្រមូលផលបានប្រមាណជិតចំនួនជាង ១.៧០០ហិកតា ។
បច្ចុប្បន្ននេះ ប្រជាកសិករកំពុងសម្រុកការភ្ជួររាស់លើការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២០-២០២១ បានប្រហែលជាង១ម៉ឺនហិកតា ក្នុងនោះមានស្រូវប្រដេញទឹកប្រមាណជាង ៧.០០០ហិកតា និងប្រាំងរនាម ជាង៤.០០០ហិកតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។