កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២​នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​០២​នាក់​ថែមទៀត ដែលជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»​។​

​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដែល​រកឃើញ​វិជ្ជមាន​រួមមាន​៖
* ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​មាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ នៃ​ក្រសួងមហាផ្ទៃ ដែល​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩) ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូបនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ វៀត រាជធានី​ភ្នំពេញ​។​

* ស្ត្រីជន​ជាតិខ្មែរ​អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ត្រូវជា​ប្អូនស្រី​បង្កើត​ស្ត្រី​ខាងលើ​) ជា​បុគ្គលិក​ធនាគារ​កា​ឆេ​យូ​ណាយ​ធី​ត រាជធានី​ភ្នំពេញ​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​សូម​កត់សម្គាល់ថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពីស​ម្ដេច​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ដោយ​ធនាគារ​កា​ធេ​យូ​ណា​ធី​ត (​នៅ​ផ្លូវ​សម្ដេច​ប៉ាន រាជធានី​ភ្នំពេញ​) មាន​បុគ្គលិក​ជាច្រើន​ដែល​កំពុង​បម្រើការ​នៅ​ទីនោះ ធនាគារ​កា​ធេ​នេះ ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​សិន ក្នុង​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ ទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ​តទៅ ដើម្បី​ក្រុមការងារ​ក្រសួងសុខាភិបាល ចុះ​យក​វត្ថុ​សំណាក់​បុគ្គលិក​ទាំងអស់នេះ និង​តម្រូវឱ្យ​បុគ្គលិក​ទាំងអស់នេះ ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ផងដែរ​។​

​ក្រសួង​បន្តថា នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០​ចំនួន ១,០៨១​នាក់ បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន ៥៥៤ នាក់ ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​០២​នាក់ (​ដែលជា​អ្នកជំងឺ​ខាងលើនេះ​)​។ ដោយឡែក​មាននៅ​សល់​វត្ថុ​សំណាក​ចំនួន ៩៦​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​។​

​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៨,៧៦៦​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី សរុប​ចំនួន​១៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា អ្នកមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣៣១​នាក់ (​ស្រី​៧៦​នាក់ និង​បុរស ២៥៥​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ចំនួន ២៧​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close